(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងមហាសន្និបាតបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានជំរុញវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែខ្លាំង ដោយមានមហិច្ឆតា ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសកសិ-ពាណិជ្ជកម្ម។ ការឱ្យដឹងដូចនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា ទោះជាកន្លងទៅគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍ ទៅលើវិស័យកសិកម្ម និងវិស័យនានា ក៏ប៉ុន្តែមហិច្ឆតាដ៏ធំ របស់រាជរដ្ឋាភិបាលនៅអាណត្តិក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រមែប្រមូលអ្នកជំនាញវិស័យកសិកម្មបណ្តុះបណ្តាលអ្នកជំនាញវិស័យកសិកម្ម ដើម្បីរួមគ្នាជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសនាំចេញផលិតផលកសិកម្ម ទៅកាន់ក្រៅប្រទេស ដែលមិនត្រឹមតែផលិតសម្រាប់បរិភោគ នៅក្នុងស្រុកប៉ុណ្ណោះទេ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា នៅអាណត្តិទី៧ខាងមុខនេះ គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា នឹងយកថវិកាចំណាយផ្ដោតសំខាន់ទៅលើការបម្រើដល់ប្រជាជនកម្ពុជាតែម្តង ដើម្បីបម្រើប្រយោជន៍ប្រជាជន៕