(ភ្នំពេញ)៖ ក្លិបកីឡាសូរីនហ្ស៊ិកាំប៉ូក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ នៃការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ ដែលទើបបញ្ចប់ការប្រកួត កាលពីល្ងាចថ្ងៃទី២៩ ខែមករាកន្លងទៅ នៅមជ្ឈមណ្ឌលកីឡាកម្ពុជា-ជប៉ុន ។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក តឹង សុភារិទ្ធ អគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកស្រី ងិន ហេមាល័យ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា។
តាមរបាយកាករណ៍ប្រកួតជើងឯកថ្នាក់ជាតិនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥២នាក់ មកពី ៦ក្លិប ។ ជាលទ្ធផល គឺក្លិបក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស ៥ ប្រាក់ ២ និងសំរឹទ្ធ ១ ខណៈក្លិបកីឡាសូរីនហ្ស៊ិកាប៉ូ ៦០ម៉ែត្រ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។ រីឯក្លិបយុវជន, ខេត្តតាកែវ និងមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធផងដែរ លើកលែងក្លិបជម្រើសជាតិ តែពុំទទួលបានមេដាយសោះ ។
មន្ដ្រីសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួតឆ្នាំនេះមាន ៦វិញ្ញាសា ហើយភាគច្រើនផ្ដោតលើកុមារ និងយុវជនចន្លោះអាយុ ១០ឆ្នាំ ដល់ ១៦ឆ្នាំ ។ តាមការវាយតម្លៃ កីឡាករ-កីឡាការិនីចូលរួមសុទ្ធតែធ្វើបានល្អ ជាមួយការបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលស្ដែងឲ្យឃើញនូវធនធានបន្ដវេនល្អៗជាច្រើន សម្រាប់កីឡាសូរីនហ្ស៊ិកាប៉ូកម្ពុជា ស្របតាមកំណែទម្រង់ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធផងដែរ ៕