(ភ្នំពេញ)៖ បំណែករូបព្រះបាទជ័យវម៌្មទី៧ ដែលបានរកឃើញ ដោយ លោក Henri Marchal នៅឆ្នាំ១៩២៤ ហើយបានយកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះ មិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញ តាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
យោងតាមការឱ្យដឹងពី សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា បំណែកព្រះហស្តស្តាំ នៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០។ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេង រកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែ រលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះ ជាបំណែកព្រះហស្ដ របស់ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាស ក្នុងការយកមកសាកល្បងតភ្ជាប់ ជាមួយរូបព្រះអង្គ នៅសារមន្ទីរជាតិឡើយ។
សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំង បានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថា បំណែកដៃទាំងពីរពិតជា របស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណ ដែលបែកបាក់នោះ ត្រួតស៊ីគ្នាល្អស្ទើរ១០០%។
បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផល នៃការសាកល្បងតភ្ជាប់ ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរ ក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយ នឹងរូបរបស់ព្រះអង្គផ្ទាល់។
លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាង និងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។
គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង៕