(ភ្នំពេញ)៖ នៅទីក្រុងសេអ៊ូល, ប្រទេសកូរ៉េ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូនិងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងសហការី ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ក៏មានវត្តមានចូលរួមរបស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងកូរ៉េជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានានៅក្រោមច្បាប់ស្តីពីវិនិយោគថ្មី។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតសំខាន់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ផងដែរ។ជាការឆ្លើយតប លោកប្រធានសមាគមអ្នកនាំចូលកូរ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
លោកប្រធានបានសម្តែងនូវទសុទិដ្ឋិនិយម ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់
វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកប្រធាន នឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
ក្នុងកិច្ចប្រជុំនេះផងដែរ វិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ បានធ្វើណែនាំពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមក នូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យ/ទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគក្នុងពេលខាងមុខ៕