(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា និងបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។
សម្តេចតេជោ ហ៊ុន សែន បន្តថា ប្រទេសកម្ពុជាមានមោទនភាព ចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នា និងបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត ដែលមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោបន្ថែមថា «បណ្តាប្រទេសជាច្រើននៅលើពិភពលោក បានកោតសរសើរ ចំពោះសុខដុមបនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ បង្កការងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់សាសនា»។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងចូលរួមអភិវឌ្ឍន៍កម្ពុជា។
សម្តេចបានបន្ថែមថា «ខ្ញុំបានិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំឲ្យអ្នកនេះជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ យើងទាំងអស់គ្នា [គ្រិស្តបរិស័ទ] ពិតជានៅចងចាំបានថា យើងនៅចងភ្ជាប់ជោគវាសនារបស់យើងជាមួយគ្នា តាំងពីអតីតកាលដែលមានប្រវត្តិតាំងពីឆ្នាំ១៩២៣ រហូតមដល់ពេលនេះមានរយៈពេល១០០ឆ្នាំហើយ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា រយៈពេល១០០ឆ្នាំមកនេះ គ្រិស្តសាសនា ក៏មិនខុសពីសាសនាដទៃទៀតទេ គឺបានឆ្លងកាត់នូវសង្គ្រាមផលវិបាក នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណាក់កាលសង្គ្រាមជាបន្តបន្ទាប់ ដែលជាការចងភ្ជាប់ជោគវាសនានៃបណ្តាសាសនា និងជាតិសាសន៍ទាំងអស់ រស់នៅលើទឹកដីកម្ពុជា ជាមួយសុខសន្តិភាព និងការអភិវឌ្ឍ។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំគ្រិស្តបរិស័ទជាង ៣ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ សូមបន្តចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងសង្គមតាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាថាគ្រប់សាសនាទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ក្រោមដំបូលសុខសន្តិភាពរបស់កម្ពុជា៕