(អន្តរជាតិ)៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មករា ឆ្នាំ ២០២៣ បានឲ្យដឹងថា៖ ឆ្មាំឆ្នេរសមុទ្រជប៉ុន និង កូរ៉េខាងត្បូង កំពុងស្វែងរកសមាជិកនាវិក ៨នាក់ដែលកំពុងបាត់ខ្លួន កាលពីថ្ងៃ ពុធ បន្ទាប់ពីកប៉ាល់ដឹកទំនិញ ១គ្រឿង ត្រូវបានលិច នៅចន្លោះដែនសមុទ្រនៃប្រទេសទាំង២។
អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា៖ «មនុស្សសរុបចំនួន ១៤នាក់ ត្រូវបានជួយសង្រ្គោះ ពីហេតុការណ៍លិចកប៉ាល់នេះ ប៉ុន្ដែមនុស្ស ២នាក់ ក្នុងចំណោមនោះ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។ យើងមិនទាន់ដឹងពីស្ថានភាព និង អត្តសញ្ញាណរបស់ពួកគេ នៅឡើយទេ ដោយដំណឹងបឋម ដែលយើងទទួលបានគឺ មាននាវិកសរុបចំនួន ២២នាក់ បានធ្វើដំណើរលើកប៉ាល់នោះ ដែលសុទ្ធតែជនជាតិចិន និង មីយ៉ាន់ម៉ា»។
ឆ្មាំសមុទ្រកោះ Jeju បានប្រាប់ថា សមាជិកនាវិកដែលត្រូវបានជួយសង្រ្គោះកំពុងត្រូវបានបញ្ជូនទៅទីក្រុង Nagasaki ភាគនិរតីរបស់ប្រទេស ជប៉ុន។
ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា នាវាឯកជនចំនួន ៣គ្រឿង ស្ថិតនៅក្នុងតំបន់នោះ ហើយក៏បានជួយយកសមាជិកនាវិកជាច្រើននាក់ដែលជាប់នៅក្នុងកប៉ាល់ផងដែរ។
កប៉ាល់ដឹកទំនិញ Jin Tian បានប្រកាសអាសន្នកាលពីល្ងាចថ្ងៃ អង្គារ មានទីតាំងប្រហែល ១១០គីឡូម៉ែត្រ ភាគខាងលិចនៃកោះ Danjo នៅដាច់ស្រយាល និង ជាកន្លែងគ្មានមនុស្សរស់នៅឆ្ងាយពីភាគនិរតីប្រទេសជប៉ុន។
សូមជម្រាបថា តំបន់ភាគនិរតីប្រទេសជប៉ុន បានទទួលរងការវាយលុកពីព្យុះរដូវរងាធ្ងន់ធ្ងរតាំងពីថ្ងៃ អង្គារ សប្ដាហ៍នេះ សម្រាប់ទីតាំងដែលកប៉ាល់ Jin Tian បានលិចគឺស្ថិតនៅចន្លោះកោះ Kyushu របស់ជប៉ុន និង កោះ Jeju របស់កូរ៉េខាងត្បូង៕
ប្រភព៖ CAN