ខេត្តកំពត ៖ មនុស្ស២នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបើកក្នុងល្បឿនលឿន រួចជ្រុលបុ.កបង្កាន់ដៃស្ពាន បង្កឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចស្ពានក្បាលរមាស ក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ។
ប្រភពពីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកឈ្មោះវណ្ណា លីនសេដ្ឋនា ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ ស្រ៊ី សុឃាន ភេទប្រុស អាយុ៣៤ឆ្នាំ របួសស្រាល ។ ទាំងពីរនាក់រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៦ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤-៥ ដោយរថយន្តម៉ាកឡង់រ៉ឺវែរមួយគ្រឿង បើកមកពីទិសខាងកើតក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកបង្កាន់ដៃស្ពានក្បាលរមាសបណ្តាលឲ្យបែកផ្កាភ្លើងរួចផ្ទុះឆាបឆេះសន្ធោសន្ធៅតែម្តង ។
ភ្លាមៗនោះ អ្នករស់នៅក្បែរកន្លែងកើតហេតុ បានចូលទៅលើកយកជនរងគ្រោះចេញពីរថយន្ត និងហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ មន្ត្រីសមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងនៃក្រុមរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះមកអន្តរាគមន៍ដោយប្រើទឹកអស់ទឹក៣ស៊ីទែនទើបរលត់ទៅវិញ ប៉ុន្តែរថយន្តឡង់រ៉ឺវែរនោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតទៅហើយ ។