ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សាលាពន្លឺវិជ្ជាប៉ៃលិន បានបើកសម្ភោធជាផ្លូវការ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ១លានដុល្លារ ដែលពិធីនេះប្រព្រឹត្តឡើងស្ថិតក្រោមអធិបតីភាពលោក ឡាយ អង្គរ៉ា អភិបាលរងក្រុង លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក អ៊ុំ ដារី អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី JoJo Tong តំណាងអង្គការពន្លឺសហគមន៍ និងជា School board representative សាលាពន្លឺវិជ្ជាប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអធិការរងក្រុង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងសប្បុរសជនបរទេសជាច្រើននាក់ទៀត។
លោកស្រី JoJo Tong តំណាងអង្គការពន្លឺសហគមន៍បានថ្លែងថា៖ សាលាពន្លឺប៉ៃលិនជា សមិទ្ធផលថ្មីមួយទៀតសម្រាប់បណ្តុះបណ្តាលប្អូនៗនៅខេត្តប៉ៃលិន អោយមានភាពសម្បូរបែបនិងចំណេះដឹង ជាច្រើនដែលមិនអាចកាត់ថ្លៃបាន ហើយសាលាមួយនេះមានទស្សនះវិស័យវែងឆ្ងាយផ្តោត លើបំនិនផ្នែកចំណេះទូទៅ ភាសាអង់គ្លេស ភាសាចិន ព័ត៌មានវិទ្យា ជាពិសេសការលើកកម្ពស់ ទស្សនៈសិស្សអំពីការចូលរួមលក្ខណៈតំបន់ និងអន្តជាតិ។ លើសពីនោះវាជាសាលាកម្រិត មធ្យមសិក្សាតាមកម្មវិធីសិក្សាជាតិនិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីក៏ បានលើកឡើងផងដែរថា៖ កាលកំពុងសាងសង់មានមនុស្សជាច្រើនគិតថាវាជា អាគារមន្ទីរពេទ្យ សណ្ឋាគារជាដើម តែអ្វីដែលយើងសាងសង់វាឡើងជាកន្លែងថ្នាល បណ្តុះវិជ្ជាសម្រាប់ប្អូនៗក្នុងខេត្តប៉ៃលិននោះទេ ហើយអរគុណដល់ដៃគូបរទេសជាច្រើន ដែលបានសហការក្នុងការសាងសង់អាគារសិក្សាពន្លឺវិជ្ជាប៉ៃលិននេះឡើងប្រកបដោយមោទន ភាពក្រៃលែង។ លោក ឡាយ អង្គរ៉ា អភិបាលរងក្រុងប៉ៃលិន បានថ្លែងថា៖ រដ្ឋបាលក្រុងសូមធ្វើការកោតសសើរដល់គណះគ្រប់គ្រងនិងអង្គការជាដៃគូ ដែលបានចំណាយធនធានដ៏មានតម្លៃក្នុងការ សាងសង់អាគារសិក្សាពន្លឺវិជ្ជាប៉ៃលិន នៅលើទឹកដីប៉ៃលិន ដែលបានចំណាយថវិកាដ៏ច្រើន មហាសាលដែលមានតែមួយនៅលើទឹកដីត្បូងពេជ្រមួយនេះ សម្រាប់ជាកន្លែងផ្តល់នូវចំណេះដឹង ចំណេះធ្វើដ៏សម្បូរបែប អាគារប្រកបដោយផាសុខភាព និងស្តង់ដាគួរជាទីមោទនៈ។
ក្នុងឱកាសនោះដែរលោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអប់នៅខេត្តប៉ៃលិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការកើនឡើងសាលាបណ្តុះបណ្តាលជាបន្តបន្ទាប់ហើយជាក់ស្តែងនៅថ្ងៃនេះសមិទ្ធផលអាគារសិក្សារបស់សាលាពន្លឺវិជ្ជា ជាសមិទ្ធផលដ៏សម្បូរបែបក្នុងការលើកកម្ពស់វិស័យអប់រំនៅខេត្តប៉ៃលិនកាន់តែសម្បូរ បែបនិងផ្តល់នូវចំណេះដឹងសម្រាប់ប្អូនៗមិនអាចកាត់ថ្លៃបាននោះឡើយ។ ក្នុងនាមមន្ទីរអប់រំ ខេត្តសូមធ្វើការកោតសសើរនិងសូមអោយគណៈគ្រប់គ្រងសាលាបញ្ជ្រាបការអប់រំអោយបាន កាន់តែទូលំទូលាយថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា៖ សាលាពន្លឺប៉ៃលិនបានចាប់ផ្តើមសាងសង់ឡើងនៅខែ មេសា ឆ្នាំ ២០២១ និងបានបញ្ចប់ការ សាងសង់ជាស្ថាពរនៅ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមជំនួយឧបត្ថមពី សហគមន៍គ្រិស្ដបរិស័ទ( Alliance Global Serve )តាមរយៈអង្គការពន្លឺសហគមន៍កម្ពុជា។ ហើយសាលាមានអាគារធំមួយខ្នង ផ្ទៃដីសរុបស្មើនឹង ១២,៧១០ម៉ែតក្រឡា និងអាគារ D/Tមួយខ្នង ស្មើនឹង២០បន្ទប់ ក្នុងនោះបន្ទប់រៀនមាន ១៩បន្ទប់ និងពីរថ្នាក់រៀន ចំណាយថវិការសាងសង់អស់ប្រមាណ ១លានដុល្លាសហរដ្ឋអាមេរិក៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម