(ប៉ៃលិន)៖នៅសាលប្រជុំអាគារថ្មីសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ធុះបណ្ដាលស្ដីពី ការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម ដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពី អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក ការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្នុងខេត្តប៉ៃលិនជាច្រើននាក់។
បើតាមលោកស្រី តាន់ សុគន្ធារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តប៉ៃលិន បានឱ្យដឹងថា៖ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្តល់ នូវសិទ្ធិអំណាច ដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានរបស់ខ្លួន តាមរយៈការលើកកម្ពស់ការផ្តល់សេរីភាព ដើម្បីភាពងាយទទួលបានព័ត៌មាននានា និងចូលរួមពិនិត្យតាមដាន លើការងារថវិកា និងការបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។លោកស្រី បានបន្តថា៖គណនេយ្យភាពសង្គម គឺជាដំណើរការ នៃការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋ សម្តែងនូវមតិយោបល់ និងចូលរួមតាមដាន ការបំពេញការងារ របស់មន្ត្រី និងអង្គភាពផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកស្រី តាន់ សុគន្ធារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តប៉ៃលិន ក៍បានបញ្ជាក់ផងដែរថា៖ គោលបំណងសំខាន់ នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្ត ទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្ត គណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹងភាពងាយស្រួល ទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដាន ដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដានផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម ដល់គ្រូបង្គោលថ្នាក់ក្រុង/ស្រុក លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានស្នើ ដល់គ្រូបង្គោល ត្រូវចេះរៀបចំផែនការសកម្មភាព និងចាត់ចែងឱ្យអនុវត្ត តាមតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងការរៀបចំផែនការប្រកប ដោយប្រសិទ្ធភាព និងចំគោលដៅគឺ ត្រូវផ្អែកតាមតម្រូវការអាទិភាព នៅមូលដ្ឋានរបស់ខ្លួន ការប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ និងចាត់ចែងការតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ស្របតាមគណនេយ្យភាពសង្គម។ ជាមួយគ្នានេះ សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ នូវមេរៀននីមួយៗ ដើម្បីជាទុនដ៏សំខាន់ សម្រាប់យកទៅបង្រៀនបន្ត ដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ត្រូវបានរៀបចំរយៈពេល០២ថ្ងៃគឺថ្ងៃទី២៦ -២៧ ខែមករា ឆ្នាំ២០២៣ ផងដែរ៕ អត្ថបទ៖ លោក វួច ពឿន