ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញមុខក្រុមក្មេងទំនើង ចំនួន០៦នាក់ ដែលតែងតែបង្កការអុកឡុក និងបង្ករបួសស្នាមដល់អ្នកធ្វើដំណើរ នៅក្រុងកំពង់ឆ្នាំង និងនៅស្រុករលាប្អៀរ ។
លោកវរសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៦នាក់ខាងលើនេះ កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពួកគេអុកឡុក និងដេញកាប់ជនរងគ្រោះជាអ្នកធ្វើដំណើរទៅមកនៅពេលយប់ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ។
លោកវរសេនីយ៍ឯក ពេជ្រ រ៉ី បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ ក្រុមក្មេងទំនើងនេះដែលមានចរិកកាចសាហាវ បានបង្កហេតុចំនួន០៤ករណី បណ្តាលអោយជនរងគ្រោះ ០៥នាក់ បានរងរបួសធ្ងន់ស្រាល និងខូចខាតម៉ូតូ ចំនួន០៤គ្រឿង ។
ក្រុមក្មេងទំនើងទាំង ៦នាក់ រួមមាន ៖
១. ឈ្មោះលន វុទ្ឋី អាយុ ២៣ឆ្នាំ,
២. ឈ្មោះ ភោគ លីហៀង អាយុ ១៩ឆ្នាំ,
៣. ឈ្មោះ រីម ភារៈ អាយុ ១៨ឆ្នាំ,
៤. ឈ្មោះ មាស ណារី អាយុ ១៨ឆ្នាំ,
៥.ឈ្មោះ ស៊ន វិសាល អាយុ ១៨ឆ្នាំ,
៦. ឈ្មោះ ឌី ចាន់រាត្រី អាយុ ២២ឆ្នាំ ។ ពួកគេទាំង៦នាក់ មានទីលំនៅក្នុងឃុំគោកបន្ទាយ និងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់ សុទ្ធសឹងតែមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕