(ភ្នំពេញ) ៖ គណៈកម្មការទី៥ និងគណៈកម្មការជំនាញនានានៃរដ្ឋសភាបានកោតសរសើរចំពោះអ្នកសារព័ត៌មាននឹងថា រួមគ្នាជាមួយក្រសួងព័ត៌មាននឹងពង្រឹងការឆ្លើយតប ជាក់ស្តែងទៅនឹងអ្វីជាតម្រូវការ និងសេរីភាពនូវការបញ្ចេញមតិរបស់ប្រជាជន។ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន(គណៈកម្មការទី៥ )នៃរដ្ឋសភា និងតំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា ថ្លែងក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាបានប្រកាសស្វាគមន៍ និងកោតសសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា រួមមានអ្នកសារព័ត៌មានទូរទស្សន៍ វិទ្យុ កាសែត និងសារព័ត៌មានអនឡាញ ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងបានធ្វើការយ៉ាងជោគជ័យ។
ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល៣ឆ្នាំមកនេះក្នុងការទប់ទល់ការរាតត្បាតដោយសារជំងឺកូវីដ១៩នៅកម្ពុជាដោយបានគ្រប់គ្រងព័ត៌មានមិនពិត និងផ្សាយព័ត៌មានច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋយល់ច្បាស់ និងនាំគ្នាធ្វើតាមការដឹកនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយបានចាក់វ៉ាក់សាំងអ្នកខ្លះចាក់ដូសទី៣ រហូតដល់ដូសទី៦។
ឯកឧត្តមបានបញ្ជាក់ថា ៖«អីញ្ចឹងការទទួលខុសត្រូវនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជន និងបង្ហាញពីការទទួលខុសត្រូវរបស់យើងជាអ្នកតំណាងឲ្យប្រជាជនឈរឈ្មោះជាអ្នកតំណាងផ្តល់ព័ត៌មានដល់ប្រជាជនដោយសហការជាមួយអ្នកជំនាញ ធ្វើការមានប្រសិទ្ធិភាពរហូតដល់បើកប្រទេសឲ្យដំណើរការឡើងវិញ និងបើកឲ្យមានការវិនិយោគឡើងវិញផងដែរ»។
ឯកឧត្តមប្រធានគណៈកម្មការទី៥ បានបញ្ជាក់បន្ថែមថា ៖«តម្លៃនៃអ្នកសារព័ត៌មាន គឺជាតម្លៃសង្គម គឺតម្លៃជីវិតដែលយើងទាំងអស់គ្នានឹងផ្តល់តមៃ្លនេះហើយក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានយើងសង្ឃឹមថា ចាប់ពីឆ្នាំក្រោមៗទៀត និងផែនការគ្រោងនឹងធ្វើក្រោយទៀតស្របតាមបច្ចេកវិទ្យាដែលកំពុងកកើតថ្មីស្របតាមតម្រូវការប្រជាជន ហើយពិសេសទាំងរដ្ឋសភា និងក្រសួងព័ត៌មាននឹងពង្រឹងការឆ្លើយតបជាក់ស្តែងទៅនឹងអ្វីតម្រូវការ និងសេរីភាពនូវការបញ្ចេញមតិរបស់ប្រជាជន»។
ទាក់ទិននឹងការជជែកគ្នានៅព្រឹកនេះដែរ ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានឲ្យដឹងថា គឺដើម្បីពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និងមធ្យោបាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលអនុញ្ញាត ឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលយកព័ត៌មានការទទួលខុសត្រូវក្នុង ការទទួលព័ត៌មានស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
ចំណែកឯកឧកត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ទោះបីជាការខ្វះខាតនូវថវិការក្តីសម្ភារៈ និងធនធានមនុស្សក្តីក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យមហាជនបានដឹង និងទទួល។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងកិច្ចប្រជុំគណៈកម្មការទី៥ រដ្ឋសភាក៏ដូចសមាជិកគណៈកម្មកាផ្សេងទៀតក៏បានធ្វើការណែនាំ និងជំរុញថែមទៀតឲ្យក្រសួងព័ត៌មានខិតខំធ្វើការផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងការងាររដ្ឋសភា និងផ្សព្វផ្សាយពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងជំរុញការអនុវត្តច្បាប់សារព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន។ ចំពោះការលើកឡើងរបស់គណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាននឹងកត់ត្រាទុក ដើម្បីយកអនុវត្តបន្តទៀត ដើម្បីមានភាពរីកចម្រើនក្នុងវិស័យសារព័ត៌មានឲ្យមានភាពល្អប្រសើរ៕