(ថៃ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ នេះក្រសួងអប់រំថៃ បានចេញសេចក្ដីប្រកាស អំពីការលែងកំណត់ម៉ូដសក់ ចំពោះសិស្សសាលាទៀតហើយ ដោយច្បាប់ថ្មីនេះចែងថា ក្រសួងបានអនុញ្ញាតឲ្យស្ថាប័ន និងគ្រឹះស្ថានសិក្សាកំណត់របៀបម៉ូតសក់សិស្សសាលា ដែលស្ថិតក្រោមការគ្រប់គ្រង ដោយខ្លួនឯង ប៉ុន្តែត្រូវតែស្អាត និងមានភាពសមរម្យ ។
លោកស្រី Treenuch Thienthong រដ្ឋមន្ត្រីក្រសួងអប់រំថៃ បាននិយាយថា សិស្សនៅក្នុងសាលារៀនដែលស្ថិតនៅក្រោមបន្ទុករបស់ក្រសួងអប់រំ នឹងត្រូវបានអនុញ្ញាតឲ្យមានសក់ខ្លី ឬវែងតាមដែលពួកគេចូលចិត្ត ប៉ុន្តែមិនត្រូវហួសហេតុពេកទេ ។ ការកែប្រែច្បាប់ថ្មីនេះកើតឡើង បន្ទាប់ពីមានការតវ៉ាជាហូរហែនាពេលកន្លងមក ពីសំណាក់ក្រុមសិស្សវិទ្យាល័យដែលដាក់ឈ្មោះថា “Bad Student” លើការអនុវត្តវិន័យរបស់ក្រសួងអប់រំដែលមានអាយុកាលចាស់វស្សាទៅហើយនោះ ។
ច្បាប់ចាស់ដែលក្រសួងអប់រំថៃបានអនុវត្តចែងថា សម្រាប់សិស្សថ្នាក់ទី៧ ទី៨ និងទី៩ សិស្សប្រុសត្រូវកាត់សក់ឲ្យខ្លីស្មើៗគ្នា ដោយសក់ខាងមុខមិនលើសពី ៣ សង់ទីម៉ែត្រឡើយ ហើយចំណែកសិស្សស្រីត្រូវកាត់សក់ឲ្យស្មើគ្នារហូតដល់គល់ត្រចៀក ខណៈសម្រាប់សិស្សស្រីថ្នាក់ទី១០ ទី១១ និងទី១២ ត្រូវកាត់សក់ក្រោមត្រចៀកប្រវែង ៤ សង់ទីម៉ែត្រ ៕
ប្រភព ៖ Thai PBS / Thailand News