(អាហ្វហ្គានីស្ថាន)៖ ក្រុមមន្ត្រីតាលីបង់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២៤នាក់ស្លាប់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនៅប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា សត្វពាហនៈប្រមាណ ៧ម៉ឺនក្បាលបានងាប់នៅក្នុងរដូវរងា ដែលត្រជាក់ខ្លាំងបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។
ទីភ្នាក់ងារជំនួយជាច្រើនបានផ្អាកប្រតិបត្តិការជាច្រើនសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីក្រុមតាលីបង់បានហាមប្រាមស្ត្រីអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រុមតាលីបង់ម្នាក់និយាយថា ទោះបីជាមានអ្នកស្លាប់ក៏ដោយក៏បទបញ្ជានឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។ រដ្ឋមន្ត្រីស្តីទីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បានប្រាប់សារព័ត៌មាន BBC ថា តំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្ន ត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយការធ្លាក់ព្រិល។ ឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែមិនអាចចុះចតបាននៅតំបន់ភ្នំភាគច្រើន។
រដ្ឋមន្ត្រីស្តីទីបាននិយាយថា ការព្យាករណ៍សម្រាប់រយៈពេល ១០ថ្ងៃបន្ទាប់បង្ហាញថា សីតុណ្ហភាពនឹងមានកម្តៅល្មម។ ប៉ុន្តែលោកនៅតែព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកស្លាប់ជនជាតិអាហ្វហ្គានីស្ថាន និងសត្វចិញ្ចឹមរបស់ពួកគេ។ លោក Mullah Akhund និយាយថា ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិតដោយសារភាពត្រជាក់ ដូចជាអ្នកគង្វាល ឬអ្នករស់នៅក្នុងតំបន់ជនបទ។ ពួកគេពុំមានលទ្ធភាពទទួលបានការថែទាំសុខភាពនោះទេ។ យើងព្រួយបារម្ភអំពីអ្នកដែលរស់នៅក្នុងតំបន់ភ្នំ ខណៈផ្លូវភាគច្រើនដែលឆ្លងកាត់ភ្នំត្រូវបានបិទដោយសារតែព្រិល។ រថយន្តបានជាប់គាំងនៅទីនោះ ហើយអ្នកដំណើរបានស្លាប់ក្នុងសីតុណ្ហភាពត្រជាក់៕
ប្រភព៖BBC