បាត់ដំបង៖ ថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងទៅលើបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះនូវរូបភាពមួយចំនួនស្តីពីទង្វើរបស់លោកនាយកសាលា ដែលបានប្រើប្រាស់កន្ត្រៃ ឬត្រង់ដឺ ឈូសសក់ក្បាលសិស្សកែលែងឡើង។
បើតាមការពិនិត្យទៅលើផេករបស់សាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានតម្រូវអោយសិស្សចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ត្រូវកាត់សក់អោយខ្លី (ដូចប៉េអឹម ឬ ពីឡុត) បើមិនដូច្នោះទេ សាលានឹងមានវិធានការទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោកនាយកសាលា ប៊ុន ណា បានចូលទៅតាមថ្នាក់រៀនដោយបានប្រើប្រាស់កន្រ្តៃត្រង់ដឹ ឈូសសក់ក្បាលសិស្សស្ទើរគ្រប់គ្នា ដែលធ្វើអោយមជ្ឈដ្ឋានជាច្រើន ពិសេសគឺអាណាព្យាបាលសិស្សប្រតិកម្មយ៉ាងខ្លាំង ព្រោះបើទោះបីជាកូនៗរបស់គាត់ទៅអោយជាងកែក៏កែលែងកើតដែរ រហូតខ្លះត្រូវកោត្រងោលតែម្តង។
នៅរសៀលថ្ងៃទី២៤ ខែមករា នេះ កម្ពុជាថ្មី បានទូរស័ព្ទទៅលោកនាយកសាលា ប៊ុន ណា ដើម្បីសុំការបំភ្លឺ ជុំវិញករណីនេះ តែពុំមានអ្នកលើកទូរស័ព្ទឡើយ ដោយឡែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន បានបញ្ជាក់ថា លោកទើបតែទទួលបាននូវរឿងនេះ ដោយសារតែលោកនាយកសាលា ចែងបទបញ្ជាផ្ទៃក្នុងមិនមានចម្លងជូនទៅរដ្ឋបាលស្រុកឡើយ ដូច្នេះទើបលោកចាត់អោយការិយាល័យអប់រំស្រុកចុះទៅសិក្សាក្នុងរឿងនេះ ហើយលោកក៏ចង់ដឹងដែរថា តើបទបញ្ជាផ្ទៃក្នុងរបស់សាលាមានប៉ុន្មានចំណុច ? និយាយអំពីអ្វីខ្លះ ? ហើយការកំណត់អោយសិស្សកាត់សក់ កម្រិតត្រឹមណា?៕