អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមាន “សកម្មភាពជាបន្ទាន់និងរួមគ្នា” ដើម្បីការពារកុមារពីថ្នាំកខ្វក់បន្ទាប់ពីមានការកើនឡើងករណីស្លាប់របស់កុមារដែលទាក់ទងនឹងថ្នាំក្អកកាលពីឆ្នាំមុន។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា នៅឆ្នាំ ២០២២ កុមារជាង ៣០០ នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ ឆ្នាំនៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាល់ ដែលការស្លាប់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្នាំកខ្វក់។
សេរ៉ូមក្អកទាំងនោះមានជាតិគីមី Diethylene Glycol និង Ethylene Glycol កម្រិតខ្ពស់។
WHO បាននិយាយថា “សារធាតុកខ្វក់ទាំងនេះគឺជាសារធាតុគីមីពុលដែលត្រូវបានប្រើប្រាស់ជាសារធាតុរំលាយក្នុងឧស្សាហកម្មនិងជាភ្នាក់ងារបង្កកដែលអាចបណ្តាលឱ្យស្លាប់សូម្បីតែផឹកក្នុងបរិមាណតិចតួចក៏ដោយ ហើយមិនគួរត្រូវបានរកឃើញនៅក្នុងឱសថនោះឡើយ”។
WHO និយាយថា ប្រទេសចំនួនប្រាំពីរបានរាយការណ៍ថាបានរកឃើញសេរ៉ូមកខ្វក់ក្នុងរយៈពេលបួនខែចុងក្រោយនេះហើយបានអំពាវនាវឱ្យមានសកម្មភាពនៅទូទាំងរដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួនដើម្បីការពារការស្លាប់បន្ថែមទៀត។
WHO បាននិយាយថា “ដោយសារទាំងនេះមិនមែនជាឧបទ្ទវហេតុដាច់ដោយឡែក WHO អំពាវនាវដល់អ្នកពាក់ព័ន្ធសំខាន់ៗដែលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រចាត់វិធានការជាបន្ទាន់និងមានការសម្របសម្រួល”។
WHO បានផ្ញើការជូនដំណឹងអំពីផលិតផលជាក់លាក់រួចហើយនៅក្នុងខែតុលានិងដើមខែនេះ ដោយស្នើសុំឱ្យដកថ្នាំទាំងនោះចេញពីធ្នើ សម្រាប់ថ្នាំក្អកដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals និងក្រុមហ៊ុន Marion Biotech របស់ឥណ្ឌា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់នៅក្នុងប្រទេសហ្គាំប៊ីនិងអ៊ូសបេគីស្ថានរៀងៗខ្លួន។
WHO ក៏បានចេញការព្រមានកាលពីឆ្នាំមុនផងដែរចំពោះថ្នាំក្អកដែលផលិតដោយក្រុមហ៊ុនផលិតថ្នាំឥណ្ឌូនេស៊ីចំនួនបួនគឺ PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma ដែលបានលក់ក្នុងស្រុក។
ក្រុមហ៊ុនពាក់ព័ន្ធមិនបានបដិសេធថាតើផលិតផលរបស់ពួកគេមានភាពកខ្វក់ឬក៏ចេញមុខធ្វើអត្ថាធិប្បាយនោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ត៕