(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចសាងសង់ឡើវិញ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨»។ សំណង់ប្រវត្តិសាស្រ្តនេះ នឹងត្រូវសង់ឡើង នៅលើសួនមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ហើយពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខ។
យោងតាមរបៀបវារៈកម្មវិធី ពិធីក្រុងពាលីនឹងត្រូវធ្វើឡើងនៅម៉ោង៦និង៣០នាទីល្ងាច ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសងនឹងត្រូវធ្វើឡើងនៅម៉ោង១១ និង០០នាទីព្រឹកថ្ងៃដែល ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាការកត់មស្គាល់ ឯកឧត្តម Oliver Becht រដ្ឋមន្រ្តីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុប និងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង ក៏ត្រូវបានអញ្ជើញឱ្យចូលរូមក្នុងពិធីបញ្ចុះបឋមសិលានោះផងដែរ ហើយតាមរបៀបវារៈ ឥស្សជនបារាំងរូបនេះនឹងអញ្ជើញថ្លែងចំណាប់អារម្មណ៍ទៅកាន់អង្គពិធីផងដែរ។
សង្រ្គាមលោកលើកទី១ ចាប់ផ្ដើមឡើងនៅថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨ ចាប់ផ្ដើមឡើងដោយមេដឹកនាំនៃប្រទេស អាល្លឺម៉ង់ អូទ្រីស និងហុងគ្រី។ មានការប៉ាន់ប្រមាណថា ទាហានអាណានិគមចំនួន១១៥,០០០នាក់ ក្នុងចំណោម៥៤៥,០០០នាក់បានស្លាប់ក្នុងសមរភូមិ ជាអត្រាស្លាប់២០ភាគរយ ធៀបនឹង១៥ភាគរយនៃកងទ័ពអឺរ៉ុប។ ក៏មានអ្នកស្ម័គ្រចិត្តកម្ពុជា ក្រោមអាណានិគមបារាំង ប្រមាណ២០០០នាក់ដែរត្រូវបានបញ្ជូនទៅប្រទេសបារាំងនាអំឡុងសង្គ្រាមនោះ៕