(សហប្រជាជាតិ)៖ ប្រមុខទទួលបន្ទុកកិច្ចការជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយបានលើកឡើងអំពីក្តីកង្វល់ ទៅលើកិច្ចការអប់រំរបស់ស្រ្តី និងរបៀបធ្វើកិច្ចការជាមួយនឹងរដ្ឋមន្រ្តីការបរទេសស្តីទី របស់ក្រុមតាលីបង់។
ដោយយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានលើកឡើងបន្តទៀតថា កាលពីខែមុន រដ្ឋបាលរបស់ក្រុមតាលីបង់បានបញ្ជាឱ្យក្រុមអង្គការក្រៅរដ្ឋាភិបាល កុំឱ្យទទួលយកស្រ្តីចូលបំរើការងារក្នុងអង្គការ។
ការដាក់បំរាមបែបនេះជំរុញឱ្យស្ថាប័នអង្គការក្រៅរដ្ឋាភិបាលទំាងអស់នោះ បានផ្អាកការងាររបស់ខ្លួនមួយផ្អែកខណៈដែលបញ្ហាវិបត្តិមនុស្សធម៌កំពុងតែកើតមានឡើង នៅក្នុងរដូវកាលរងារមួយនេះ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាហ្វហ្គានីស្ថានដដែល បានគូសបញ្ជាក់បន្ថែមទៀតថា លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ ម៉ារទីន គ្រីសហ្វីស៍(Martin Griffiths) បានលើកយកកិច្ចការអប់រំដល់ស្រ្តី និងផលប៉ះពាល់ទៅលើដំណើរប្រតិបត្តិការ របស់ស្ថាប័នអង្គការសហប្រជាជាតិជាពិសេសរឿងកិច្ចការមនុស្សធម៌។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះដែរ ខាងភាគីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសម្របសម្រួលការងារមនុស្សធម៌ប្រចំានៅអាហ្វហ្គានីស្ថានមិនបានឆ្លើយតបភ្លាមៗនោះទេ ជុំវិញការលើកឡើងរបស់ភាគីអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ដែរថា ចាប់តំាងពីរដ្ឋបាលរបស់ចលនាតាលីបង់ឡើងកាន់អំណាចដោយចុងកាណុងជាលើកទី២ កាលពីឆ្នំា២០២១នោះមក ពុំមានរដ្ឋាភិបាលបរទេសណាមួយទទួលស្គាល់ជាផ្លូវការឡើយ ខណៈដែលក្រុមអ្នកការទូតមួយចំនួនបានលើកឡើងថា របបនេះត្រូវតែផ្លាស់ប្តូរទៅលើសិទ្ធិស្រ្តី ព្រោះថា មានប្រទេសជាច្រើនបានបង្ហាញក្តីកង្វល់ជុំវិញរឿងនេះ បន្ទាប់ពីរបបដ៏អាប់អួរមួយនេះបានដាក់បម្រាមទៅលើក្មេងស្រីដែលមានអាយុលើសពី១២ឆ្នំាឡើងទៅ ត្រូវតែបញ្ឈប់ពីការរៀនសូត្រ ឬក៏កំរិតឧត្តមសិក្សាជាដើម។
បណ្តាញផ្សព្វផ្សាយរបស់ក្រុមលោកខាងលិចមួយចំនួនបានលើកឡើងបន្តទៀតថា ដោយសារតែរបបអមនុស្សធម៌នេះហើយទើបធ្វើឱ្យមានការកាត់ផ្តាច់ជំនួយអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាហេតុញុំងវិបត្តិសេដ្ឋកិច្ចឱ្យកើតឡើង ខណៈប្រជាពលរដ្ឋអាហ្វហ្គានីស្ថានជាងពាក់កណ្តាលប្រទេសពឹងផ្អែកទៅលើជំនួយមនុស្សធម៌។
រហូតមកទល់នឹងម៉ោងនេះ មានប្រជាពលរដ្ឋជាងកន្លះប្រទេសនៅតែដង្ហោយហៅរកជំនួយជាបន្ទាន់ ដើម្បីសង្គ្រោះក្រពះរបស់ពួកគេ ខណៈដែលក្រុមតាលីបង់កាន់តែរសាត់ឆ្ងាយចេញពីសហគមន៍អន្តរជាតិ៕