នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ច, លោក ណេង ករុណា ប្រធានរតនាគារខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងរដ្ឋបាល គណនេយ្យករ តាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។
លោក វ៉ង់ រ៉េបណា ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច បានអានសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣រួចមក លោក ប៉ូច សាអែម បានថ្លែងថា៖ គ្រប់អង្គភាពត្រូវគិតគូរឲ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយ របស់មន្ទីរ អង្គភាពឲ្យបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ដំណើរការអនុវត្តការងារថវិកា ស្របតម្រូវការសមិទ្ធកម្មរបស់ខ្លួន កត្តាសំខាន់គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួនក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាពជាក់ស្ដែង នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាបច្ចុប្បន្នធៀបទៅនិងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងឆ្នាំ២០២៣ និងឆ្នាំខាងមុខទៀតផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ សារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ នេះពិតជាមានសារះសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះសារាចរនេះក៏ជាយុទ្ធសាស្ត្រសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ក៏ត្រូវរំលេចផងដែរ អំពីវិធានការគោលនយោបាយសំខាន់ៗ ដែលក្រសួងស្ថាប័នបានដាក់ចេញឲ្យស្របតាមទិសដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំងគោលនយោបាយតាមវិស័យ និងអន្តរវិស័យ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តថវិកា មន្ទីរអង្គភាពជុំវិញខេត្ត ក៏ត្រូវគិតគូរ យកចិត្តទុក ដាក់ក្នុងការអនុវត្ត ចំណូលចំណាយថវិកាឆ្នាំ ២០២៣នេះឲ្យបានល្អប្រសើរ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានផ្តាំផ្ញើរឲ្យមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការស្ដាប់នូវការបង្ហាញរបស់ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការសួរនូវចំណុចសំខាន់ៗដែលពុំទាន់យល់ច្បាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ ព្រមទាំងការរៀបចំការគ្រប់គ្រងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣នេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម