ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ហើយជាក់ស្តែង នា ពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួលដល់អ្នកជំងឺខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ ជួយសម្របសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋ ខ្មែរទៅធ្វើការ ជា ពលករ និងទៅរក ស៊ីស្របច្បាប់នៅក្នុងខេត្តចាន់បុរី, សម្របសម្រួលនីតិវិធីដឹកទំនិញឆ្លងដែន, ពន្លឿនការកសាងស្ពានឆ្លងព្រំដែន, ការធ្វើខ្លោងទ្វារព្រំដែនអន្តរជាតិព្រំ និងការសម្របសម្រួលជូនពលករខ្មែរឱ្យត្រឡប់មកចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តកិច្ចសហការល្អក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់នានា ផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតបឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat)អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបាន សន្យា ថានឹងនាំយកនូវរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បី រកលទ្ធភាព និងដំណោះស្រាយ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង៕ អត្ថបទ៖ លោក ញ៉ឹប បូរី