ប៉ៃលិន៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលេខ ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែង កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានា ជាបន្តបន្ទាប់នៅទូទាំងប្រទេស ក្នុងនោះ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយចំពោះសកម្មភាពការជួសជុល និងថែទាំផ្លូវថ្នល់ជាប្រចាំនេះ គឺបានចូលរួមថែរក្សាផ្លូវថ្នល់ ដែលធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានចូលរួមបញ្ចៀស នូវគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកផងដែរ ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសូមចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បីមាននិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរសោភ័ណ្ឌភាពផ្លូវក្នុងក្រុងអោយបានល្អប្រសើរ ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ នូវចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុកសំបុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់ស្លាកចរាចរណ៍ បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយមានសោភ័ណ្ឌភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕