ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេចបានឱ្យធ្វើការសិក្សាលើការការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេសមានប្រមាណ ១,៥ លាននាក់ ដើម្បីផ្ដល់ជូនការសិក្សាជំនាញវិជ្ជាជីវៈដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត នាចុងឆ្នាំ២០២៣នេះ ឬនៅដើមឆ្នាំក្រោយ។
សម្ដេចតេជោ បានមានប្រសសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ថ្លែងថា សម្ដេចកំពុងតែរៀបចំដាក់ឱ្យមានការសិក្សាលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រនេះ ដោយការការសិក្សានេះ នឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ ដោយសារនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងថវិកាជាតិរួចស្រេចទៅហើយដូច្នេះមិនអាចបញ្ចូលផែនការនេះបានទេ។
សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរ៉ាប់រង សម្រាប់សិស្សដែលទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគេទៅបណ្ដុះបណ្ដាល ដោយមិនបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋនឹងមានការឧបត្ថម្ភថវិកាដល់ពួកគេថែមទៀត៕