ចិន៖ ប្រទេសចិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់តាំងពីថ្ងៃអាទិត្យ ដោយមានពលរដ្ឋជាច្រើន បានបួងសួងសុំសុខភាពល្អ បន្ទាប់ពីភាពតានតឹង និងការលំបាកផ្នែកហិរញ្ញវត្ថុរយៈពេល ៣ឆ្នាំដោយសារជំងឺរាតត្បាត ខណៈមន្ត្រីបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីជិត ១៣,០០០នាក់ដែលបណ្តាលមកពីវីរុសនេះនៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា។
មនុស្សជាច្រើនជួរលាតសន្ធឹងប្រហែលមួយគីឡូម៉ែត្រ នៅខាងក្រៅវិហារ Lama ដ៏ល្បីល្បាញក្នុងទីក្រុងប៉េកាំង ដែលត្រូវបានបិទម្តងហើយម្តងទៀតមុនពេលវិធានការរឹតត្បិតវីរុស COVID-19 បានបញ្ចប់កាលពីដើមខែធ្នូ ដោយមនុស្សរាប់ពាន់នាក់រង់ចាំវេនរបស់ពួកគេ ដើម្បីបួងសួងដល់មនុស្សជាទីស្រលាញ់របស់ខ្លួន។
ហិរញ្ញវត្ថុ ឬជីវិតរបស់មនុស្សគ្រប់គ្នាបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺរាតត្បាតរយៈពេលបីឆ្នាំមកនេះ។អ្នកជំនាញសុខភាពចិននិយាយថា រលកនៃករណីឆ្លងនៅទូទាំងប្រទេសបានឈានដល់កម្រិតខ្ពស់។ ការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិនធ្វើឡើង ក្នុងពេលមានការសង្ស័យលើតម្លាភាពទិន្នន័យរបស់ទីក្រុងប៉េកាំង ហើយនៅតែមានកម្រិតទាបបំផុតតាមស្តង់ដារពិភពលោក៕