ខេត្តកំពង់ស្ពឺ ៖ កំណាត់ផ្លូវចំនួន៤០ខ្សែ ស្ថិតក្នុងក្រុង-ស្រុក ចំនួន៦ នៃខេត្តកំពង់ស្ពឺ គឺក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកឧដុង្គ ស្រុកភ្នំស្រួច និងស្រុកសំរោងទង បានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងកក់ខែប្រាំង កាលពីពេលកន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលសារព័ត៌មានទទួលបាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។
តាមរបាយការណ៍បានបញ្ជាក់ថា ផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៤០ខ្សែ បានរងការបំផ្លាញ ក្នុងនោះកំណាត់ផ្លូវខ្លះត្រូវបានទឹកហូរច្រោះកាត់ផ្តាច់មិនអាចចរាចរណ៍បានទេ។ ទន្ទឹមនិងនោះផ្លូវកៅស៊ូDBSTចំនួន ៣ខ្សែ ប្រវែង៥៧១៦០ម៉ែត្រ ក៏ត្រូវទឹកហូរច្រោះជើងទេបង្កឱ្យរងការខូចខាតផងដែរ។
លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវដែលរងផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅមានចំនួន៤០ខ្សែ ស្មើនឹង ៣៨៥.៧៨០ម៉ែត្រ ស្ថិតក្នុងស្រុកក្រុងទាំង៦ខាងលើ។ ក្រោយជំនន់ទឹកភ្លៀងបានស្រក មន្ទីរជំនាញបានចុះពិនិត្យ និងវាយតម្លៃទំហំការខូចខាត ដើម្បីរាយការណ៍សុំកញ្ចប់ថវិកាជួសជុលបន្ទាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមរំឭកផងដែរថា ខេត្តកំពង់ស្ពឺបានរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងរយៈពេល ៣ថ្ងៃ ជាប់គ្នា ដោយបានធ្វើឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងស្រុក-ក្រុងចំនួន៦ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងបានប៉ះពាល់លំនៅដ្ឋាន សត្វពាហនៈ មួយចំនួនទៀត ៕