ការផ្លាស់ប្ដូរអាកាសធាតុពីរដូវភ្លៀងធ្លាក់ទៅរដូវរងា ពិតជារំខានចំពោះសុខភាព និងសម្រស់របស់អ្នក។ ទោះជាយ៉ាងណា បើសិនជាអ្នកបានត្រៀមរួចជាស្រេច ដើម្បីទប់ទល់ជាមួយវា ទាំងសម្រស់ ទាំងសុខភាពនឹងនៅតែមានភាពល្អប្រក្រតី។ ដូច្នេះហើយនៅពេលរដូវរងាចូលមកដល់ភ្លាម ក្រៅអំពីខោអាវក្រាស់ៗ និងផលិតផលថែរក្សាសម្រស់ អ្នកគួរតែជ្រើសរើសយករបបអាហារណា ជួយឲ្យអ្នកមានសុខភាពល្អ ដែលធ្វើឲ្យកម្រិតថាមពល ការរំលាយអាហារមានភាពល្អប្រសើរ និងជួយទ្រទ្រង់ដល់សុខភាព។ ខាងក្រោមនេះ គឺជារបបអាហារ ៦ យ៉ាងដែលអ្នកគួរតែទទួលទាន នៅក្នុងរដូវរងា៖
១. អាហារសម្បូរវីតាមីន D
វីតាមីន D គឺចាំបាច់ណាស់សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឱ្យមានសុខភាពល្អ។ វាក៏ដើរតួនាទីសំខាន់ជាច្រើនផ្សេងទៀតនៅក្នុងរាងកាយ រួមទាំងគ្រប់គ្រងការរលាក និងមុខងារប្រព័ន្ធភាពស៊ាំ។ ដូចយើងបានដឹងហើយថាប្រភពផ្ទាល់នៃវីតាមីន D គឺព្រះអាទិត្យ ប៉ុន្តែសីតុណ្ហភាពក្នុងរដូវរងា តែងតែដាក់កំហិតយើង ពីការទទួលកាំរស្មីព្រះអាទិត្យដោយផ្ទាល់។ ដូច្នេះជំនួសឲ្យការរំខានពីរដូវរងា អ្នកគួរតែបរិភោគអាហារណាដែលសម្បូរទៅដោយវីតាមីន D ដូចជា ផ្សិត ត្រីសាម៉ុង ស៊ុតលឿង គ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ស្រស់ក្រហម ផ្លែឈើ បន្លែ នំប៉័ង ដំឡូង និងប៉ាស្តា ។
២. ផលិតផលទឹកដោះគោ
ទឹកដោះគោ និងផលិតផលទឹកដោះគោផ្សេងទៀតដូចជា ទឹកដោះគោជូរ ឈីស paneer គឺជាអាហារដ៏ល្អ សម្រាប់រដូវរងារ។ ផលិតផលទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន B12 និង A កាល់ស្យូម ប្រូតេអ៊ីន ដែលជួយបង្កើនសុខភាព។ ដូចនេះការផឹកទឹកដោះគោក្តៅឧណ្ហ៍ៗ ក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីរក្សាខ្លួនអ្នកឱ្យក្តៅ និងជៀសឆ្ងាយពីជំងឺផ្តាសាយក្នុងរដូវរងា។
៣. ផ្កាខាតណាខៀវ
ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ដែលជួយពង្រឹងភាពស៊ាំដែលត្រូវការជាពិសេសក្នុងរដូវរងា។ ដូច្នេះ ដើម្បីជៀសឆ្ងាយពីរដូវរងាដែលមានអាកាសធាតុត្រជាក់ខ្លាំង និងដើម្បីជៀសវាងការធ្លាក់ខ្លួនឈឺ ងាយកើតជំងឺផ្ដាសាយ ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណា អាចជួយអ្នកបានច្រើន និងមានវិធីសាស្ត្រធ្វើងាយៗនៅផ្ទះ។
៤. ប្រភេទអាហារមើម
ប្រភេទអាហារមើម និងបន្លែមើម មានភាពធន់នឹងអាកាសធាតុត្រជាក់បានល្អបំផុត ហើយវាក៏ជាអាហារដែលងាយស្រួលរកទិញបាននៅតាមទីផ្សារដូចជាការ៉ុត ដំឡូង ស្ពៃក្ដោប ឆៃថាវជាដើម។ វាជាប្រភពអាហារដ៏សម្បូរបែបនៃវីតាមីន A និង C និង beta-carotene ដែលជួយទ្រទ្រង់រាងកាយរបស់អ្នកឲ្យដំណើរការបានល្អ។
៥. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ដូចជា រ៉ាវ៉ា (rava) ម្សៅស្រូវសាលី គ្រាប់សណ្ដែកដី គ្រាប់ល្ង គ្រាប់សៀង ម៉ងដាល់ (moong dal) គឺជាសារធាតុជំរុញថាមពលខ្ពស់ និងផ្តល់ភាពកក់ក្តៅដល់រាងកាយរបស់យើងដែលត្រូវការដើម្បីទប់ទល់នឹងលក្ខខណ្ឌត្រជាក់ខ្លាំង។ អ្វីដែលពិសេស នៅពេលអ្នកញ៉ាំគ្រាប់ធញ្ញជាតិពេលព្រឹក វានឹងផ្ដល់ជាតិកាឡូរីខ្ពស់ដល់រាងកាយ។ យោងតាមការស្រាវជ្រាវពី International Journal of Obesity បានលើកឡើងថា ការរំលងអាហារពេលព្រឹកត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពធាត់ ក៏ដូចជាភ្ជាប់ជាមួយការថយចុះនៃថាមពល និងធ្វើឱ្យបញ្ហា ផ្លូវចិត្តចុះខ្សោយ។ ដូច្នេះ វាជាការប្រសើរក្នុងការញ៉ាំធញ្ញជាតិគ្រប់ប្រភេទនៅពេលព្រឹក ជាជាងរំលងអាហារពេលព្រឹក។
៦. ផ្លែឈើស្ងួត
ផ្លែឈើស្ងួត សម្បូរទៅដោយជាតិសរសៃ កាល់ស្យូម វីតាមីន ម៉ាញ៉េស្យូម និងជាអាហារដែលត្រូវបានគេសម្ងួតដើម្បីរក្សាទុកក្នុងកាលបរិច្ឆេទណាមួយ ក៏ជាប្រភពថាមពលដ៏ល្អផងដែរ។ អាល់ម៉ុន គ្រាប់ធញ្ញជាតិ និងផ្លែឈើស្ងួតផ្សេងទៀតសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E និង B និងសារធាតុរ៉ែដូចជា ស័ង្កសី ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម ថែលមានឥទ្ធិពលវិជ្ជមានលើសុខភាពក្នុងរដូវរងារ៕