(អ៊ីរ៉ង់)៖ កាលពីថ្ងៃអង្គារម្សិលមិញ កងទ័ពជើងទឹកបដិវត្តន៍អ៊ីរ៉ង់ បានបញ្ចេញនូវខ្សែអាត់វីដេអូមួយ ដែលខ្លួនបាននិយាយថា ជាសមយុទ្ធយោធានៅក្នុងតំបន់ឈូងសមុទ្រពែក្ស ។
រូបភាពនៅក្នុងវីដេអូ នៃសមយុទ្ធយោធានេះ បានបង្ហាញឱ្យឃើញ ពីការបាញ់កាំជ្រួច ចេញពីនាវា និងនៅលើដី ព្រមទាំងមានវត្តមាន របស់យន្តហោះគ្មានមនុស្សបើកទៀតផង ។ គេនៅមិនទាន់ដឹងច្បាស់ទេថា វីដេអូរបស់កងទ័ពជើងទឹកអ៊ីរ៉ង់បានថតឡើងនៅពេលណា ឬនៅទីណានោះទេ ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ពីមុនបានធ្វើសមយុទ្ធជើងទឹក ផ្លូវអាកាស និងនៅលើដីរួមគ្នាមួយ នៅឈូងសមុទ្រកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅជិតច្រកសមុទ្រយុទ្ធសាស្ត្រនៃផ្លូវទឹក Hormuz ។
សូមរំលឹកថា អ៊ុយក្រែនធ្លាប់បានចោទប្រកាន់អ៊ីរ៉ង់ថាបានផ្គត់ផ្គង់គ្រាប់រំសេវ Shahed-១៣៦ ចំនួន ១,៧០០ គ្រាប់ដល់ទីក្រុងម៉ូស្គូដើម្បីវាយប្រហារតាមគោលដៅកំណត់ក្នុងប្រទេសអ៊ុយក្រែនតាំងពីខែកញ្ញា ឆ្នាំ២០២២ ។
នាពេលកន្លងមកអ៊ីរ៉ង់ក៏បានទទួលស្គាល់ថាខ្លួនពិតជាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ីពិតមែន ប៉ុន្តែអះអាងថា អ៊ីរ៉ង់បានបញ្ជូនទៅឱ្យរុស្ស៊ីតាំងពីមុនពេលមានការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈមកម្លេះ ស្របពេលទីក្រុងមូស្គូបានបដិសេធចំពោះការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅក្នុងអ៊ុយក្រែន ៕