ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ គេសង្កេតឃើញដងស្ទឹងបរយ៉ាខា ជាពិសេសតាមមាត់ស្ទឹងស្ពានតារាប ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន នារដូវប្រាំងឈានចូលមកដល់ បានផ្តល់អំណោយផលដល់អ្នកលក់ដូរនៅតាមដងស្ទឹង និងភ្ញៀវទេសចរឱ្យនាំគ្នាចូលទៅលេងកំសាន្ត ហែលទឹក ដែលហូរមកពីទឹកដីប្រទេសថៃ ហើយបញ្ចេញពណ៌ថ្លាដូចកញ្ចក់តែម្តង។
បើតាមការរៀបរាប់ពីបុរសម្នាក់ដែលមានឈ្មោះ ធីម និងឈ្មោះ រ៉ា រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ទេសភាពដងស្ទឹងបរយ៉ាខា នារដូវប្រាំងនេះ ពិតជាស្រស់ស្អាត មានដុំថ្មនៅក្នុងស្ទឹង អាចឱ្យភ្ញៀវចុះងូតទឹកលេង ដែលថ្លាឈ្វេង ហូរគ្រឿនៗក្នុងទិសដៅពីលិចទៅកើត។
ប្រភពដដែលបន្តទៀតថា នៅតាមបណ្តោយដងស្ទឹងស្ទើរគ្រប់ទីកន្លែងផ្តល់អំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យនាំគ្នាទៅចុះលេងទឹកស្ទឹង ព្រោះរាក់ល្មមអាចចុះងូតទឹកហែលលេងនៅកន្លែងជ្រៅយ៉ាងសប្បាយរីករាយ បំបាត់អស់នូវទុក្ខកង្វល់។ ម្យ៉ាងវិញទៀត ទឹកស្ទឹងនេះ ក៏ផ្តល់នូវអំណោយផលដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ឱ្យនាំគ្នាសាងសង់ជាខ្យូស ដើម្បីលក់ដូរម្ហូបអាហារឱ្យភ្ញៀវចូលទិញទទួលទានជួបជុំគ្រួសារផងដែរ។ ទោះបីជាយ៉ាងណា អាជ្ញាធរខេត្តកំពុងតែរៀបចំតុបតែងកន្លែងលេងកម្សាន្តថ្មីៗបន្ថែមទៀតនៅក្បែរមាត់ស្ទឹងផដែរ។
បើតាមប្រភពព័ត៌មានពីភ្ញៀវឈ្មោះ អើយ និងឈ្មោះ នីត បានរៀបរាប់ឱ្យដឹងថា គ្មានពេលណាដែលដងស្ទឹងបរយ៉ាខាស្រស់ស្អាតជាងរដូវប្រាំងនោះឡើយ ព្រោះមានទឹកថ្លាឆ្វង់ ភ្លឺដូចកញ្ចក់ ពេលភ្ញៀវចុះងូតលេងត្រជាក់ដូចទឹកអម្រិតធ្លាក់មកពីឋានសួគ៌ា ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ ក្រោយពីចុះងូតលេងហើយ មិនចង់ឡើងគោកវិញនោះឡើយ រហូតដល់ពេលល្ងាចទើបនាំគ្នាត្រឡប់ទៅផ្ទះសម្បែងវិញ។
ចំណែកអ្នកខ្លះក៏បានវេចបាយម្ហូបនៅតាមរថយន្តយកទៅអង្គុយលើដុំថ្មក្រោមម្លប់ឈើ ហើយនាំគ្នាហូបជាលក្ខណៈគ្រួសារ និងអ្នកខ្លះទៀតទិញម្ហូបអាហារពីប្រជាពលរដ្ឋដែលលក់ដូរនៅក្បែរមាត់ស្ទឹង ក្នុងតម្លៃថោកសមរម្យ មិនខ្ពស់ពេកនោះទេ៕