(អន្តរជាតិ)៖ នៅថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការមជ្ឈិមបក្ស របស់ប្រទេសវៀតណាម បានយល់ព្រមអនុញ្ញាត ឲ្យលោកប្រធានាធិបតី ង្វៀន សួនហ្វុក ឈប់ធ្វើជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកនៃគណៈកម្មាធិការ ហើយត្រូវចូលនិវត្តន៍។ លោក ហ្វុក ត្រូវបានបោះឆ្នោត ដោយរដ្ឋសភា ឲ្យក្លាយជាប្រធានាធិបតី កាលពីខែមេសាឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិបច្ចុប្បន្នកំណត់ថា ប្រធានាធិបតីត្រូវតែជាសមាជិកនៃការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។
គួរបញ្ជាក់ថា លោក ង្វៀន សួនហ្វុក បានសិក្សានៅសកលវិទ្យាល័យសេដ្ឋកិច្ចជាតិទីក្រុងហាណូយផ្នែកគ្រប់គ្រងសេដ្ឋកិច្ចចន្លោះឆ្នាំ ១៩៧៣ និង ១៩៧៨ បន្ទាប់មកលោកបានសិក្សាផ្នែកគ្រប់គ្រងរដ្ឋបាលនៅបណ្ឌិតសភារដ្ឋបាលជាតិវៀតណាម ។
ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៧៩ លោកបានធ្វើការឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ចខេត្ត Quang Nam-Da Nang ហើយពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩៣ លោក ហ្វុក បានចាប់ផ្ដើមបម្រើការជាបុគ្គលិក មុនពេលឡើងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam-Da Nang ក្រោយពីបានក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៨៣ ។
បន្ទាប់មកលោក ហ្វុក បានបម្រើការក្នុងតួនាទីជាច្រើនរួមទាំងប្រធានខេត្ត ប្រធានការិយាល័យរដ្ឋាភិបាល មុនពេលក្លាយជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ ។
ទន្ទឹមនោះលោក ង្វៀន សួនហ្វុក ក៏ជាសមាជិកពេញសិទ្ធិនៃរដ្ឋសភាផងដែរ ដោយបម្រើក្នុងអាណត្តិទី ១១ ទី ១២ ទី ១៣ និងទី ១៤ ។ លោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើស ឲ្យកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីកាន់តំណែង ជានាយករដ្ឋមន្ត្រីប្រទេសអស់រយៈពេល ៥ ឆ្នាំ ៕