(ម៉ាល់ឌីវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ម៉ាល់ឌីវគាំទ្រប្រទេសកម្ពុជា ឲ្យក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម (OIC) នៅពេលខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីសង្ឃឹមដូច្នោះ ធ្វើឡើងពេលសម្តេច អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនភ្លេចនូវការអរគុណចំពោះម៉ាល់ឌីវ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ហើយ យើងចង់ក្លាយទៅជាសមាជិកសង្កេតការណ៍ OIC ហើយសង្ឃឹមថា យើងនឹងក្លាយទៅជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនានៅក្នុងប្រទេសកម្ពុជា។ សង្ឃឹមថា ម៉ាល់ឌីវនឹងបន្តការគាំទ្ររបស់យើង ដើម្បីឲ្យយើងក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុងអង្គការនេះតែម្តង»។
ជាមួយនឹងការរំពឹងបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសន្យាពីការប្រឹងប្រែងរបស់កម្ពុជា ជួយគាំទ្រម៉ាល់ឌីវលើឆាកអន្តរជាតិ។ សម្តេចតេជោ បានអះអាងថា កម្ពុជាគាំទ្រម៉ាល់ឌីវ ក្លាយទៅជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៉ីអាគ្នេយ៍ នៅក្នុងក្របខណ្ឌអាស៊ាន ខណៈដែលបញ្ហានេះកំពុងស្ថិតនៅដំណាក់កាលនៃការពិភាក្សា នៅផ្ទៃក្នុងរបស់អាស៊ាន។
សូមជម្រាបថា OIC គឺជាអង្គការអន្តរជាតិលើលោកដ៏ធំ លំដាប់ទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។ OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេស ជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក៕