(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍លើកឡើង អំពីផែនការបោសសម្អាតមីន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន ដែលនៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា និងប្រកាសកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំគម្រោងបោសសម្អាតមីន របស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ដោយរៀបចំឡើង ដោយអង្គការ HALO Trust ប្រចាំកម្ពុជា នៅទីស្នាក់ការខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គប្រជុំថា កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងឈានទៅទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនោះក៏បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទីមួយផ្នែកយ៉ាងសំខាន់ក្នុងការចូលរួមកសាងកម្ពុជា សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស និងដៃគូដទៃទៀត ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានាដល់ការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។
ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលជាសេនាធិការបានដាក់ចេញនូវផែនការបោសសម្អាតមីនយ៉ាងច្បាស់លាស់ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមអំពីការងារបោសសម្អាតមីន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលអាជ្ញាធរមីន បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងការណែនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពមកពី អាជ្ញាធរមីន កងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់។ ក្រុមការងារចំពោះកិច្ចនេះ នឹងចូលរួមបំពេញការងារ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលជាអតីតសមរភូមិ ទៅជាតំបន់សន្តិភាព សុវត្តិភាព និងការអភិវឌ្ឍ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏មានការអញ្ជើញចូលរួមផងដែរពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជាផងដែរ៕