ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៥:៤៥នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង បង្កដោយរថយន្ដ ០១គ្រឿង ម៉ាក LAND CRIUSER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2F-8989 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ YUAN HONGFEI ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅស្រុកកំពង់ត្រាច ខេត្តកែប និងអ្នករួមដំណើរ ចំនួន ០៣នាក់ ស្រីម្នាក់។
លោកអធិការ បន្តថា លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង រថយន្ដខាងលើ បានផ្ទុះកង់ក្រោយ ខាងឆ្វេង រួចបានរេចង្កូត ទៅខាងឆ្វេងដៃ ខណៈពេលនោះ មានរថយន្ដ ០១គ្រឿងម៉ាក SSANG YONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-2508 ដែលមានទិសដៅពីផ្ទុយគ្នា បើកបរដោយឈ្មោះ តូច សំអុល ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរបើកបររថយន្ដឈ្នួល មានទីលំនៅភូមិសំរោង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ និងអ្នករួមដំណើរចំនួន ០៩នាក់ ប្រុស០៤នាក់ បានបុកចំពីមុខខាងឆ្វេងតែម្ដង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សស្លា.ប់ ចំនួនម្នាក់ និងរងរបួស ចំនួន ១១នាក់។ ក្នុងនោះ ខាងរថយន្ដ SSANG YONG ១.ឈ្មោះ តូច សំអុល ភេទប្រុស អ្នកបើកបររថយន្ដ (ស្លា.ប់តាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ ) ២.ឈ្មោះអ៊ូច ហៀង ភេទស្រី អាយុ៧៨ឆ្នាំ (រងរបួសធ្ងន់) ៣.ឈ្មោះ ណាក់ ស្រ៊ាង ភេទប្រុស (រងរបួសស្រាល) ៤.ឈ្មោះ ស៊ុម រចនា ភេទស្រី (រងរបួសស្រាល) ៥.ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស (រងរបួសស្រាល)។ អ្នកទាំង០៤ សម្រាកព្យាបាលនៅគ្លីនិចឯកជន សុខលី ខេត្តព្រះសីហនុ។ ៦.ឈ្មោះ ឈុន ផានី ភេទស្រី (រងរបួសមធ្យម) ៧.ឈ្មោះ ម៉ោក រិន ភេទប្រុស (រងរបួសមធ្យម) ៨.ឈ្មោះ សូត្យ ស្រីឡាត់ ភេទស្រី (រងរបួសស្រាល) អ្នកទាំង ០៣ សម្រាកព្យាបាលនៅគ្លីនិចឯកជន ៨៨៨ ខេត្តព្រះសីហនុ។ ៩.ឈ្មោះ មឿន មករា (រងរបួសស្រាល) ១០.ឈ្មោះ ណូន ឡាយ ភេទស្រី (រងរបួសស្រាល) + រថយន្ដ LAND CRIUSER ១.ឈ្មោះ ZHUANG MING FEI ភេទប្រុស អ្នករួមដំណើរ (រងរបួសធ្ងន់) ២. ឈ្មោះ JIA LING MI ភេទស្រី អ្នករួមដំណើរ (រងរបួសធ្ងន់) សង្រ្គោះនៅមន្ទីរពេទ្យ ថៃ ខាង ខេត្តព្រះសីហនុ។
សាកស.ពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង(រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្ដ LAND CRIUSER បានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងបន្ដនីតិវិធី៕