ប៉ៃលិន៖ លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានពិតប្រកេន និងផ្តាំផ្ញើដល់គណៈកម្មការប្រឡងបេក្ខសមណសិស្ស បេក្ខជន-បេក្ខនារី ទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំនេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោលនយោបាយកំណែរទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកសំ សាវឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ មកពី គ្រប់វត្ត ដែលមណ្ឌលប្រឡងនៅសាលាបឋមសិក្សប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរធម្មការ និងសាសនា ខេត្ត និងមន្ត្រីសង្ឃទាំងអស់ដែលបានយកចិត្តទុកដាក់រៀបចំការប្រឡងនេះឡើងក្នុងគោលបំណងពង្រឹងធនធានសង្ឃ នៅខេត្តប៉ៃលិនឲ្យមានធម៌វិន័យរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិយើងឲ្យកាន់តែរីកចំរើនឡើង ។ លោកអភិបាលរងបន្តថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានចាត់ទុកវត្តអារាម និងព្រះពុទ្ធសានាជាទីកន្លែងបណ្តុះបណ្តាល អប់រំរៀនសូត្រដល់កូនចៅ ប្រជាពលរដ្ឋ អោយ មានចំណេះដឹងធម៌វិន័យ ។ ដូច្នេះការរៀបចំប្រឡងនាពេលនេះ គឺ ជាការវិវត្តមួយថ្មី ទៀតរបស់ខេត្តប៉ៃលិនយើង ដែលព្រះ សង្ឃគ្រប់ព្រះអង្គមានសិទ្ធបញ្ចេញសមត្ថភាពផ្ទាល់លើចំណេះដឹងធម្មវិន័យរបស់ព្រះពុទ្ធសាសនារបស់ជាតិយើង ។ លោកបន្តទៀតថាៈ វិញ្ញាសារដែលត្រូវប្រលងនេះមិនមានស្នាមរហែក ឬ ស្នាមបើកទេ គឺ មានសភាពបិតជិតមិន មានបែកវិញ្ញាសារគ្មាន នរណាដឹងវិញ្ញាសារមុននោះឡើយ ។ ដូច្នេះសមណៈសិស្សទាំងអស់ដែលបានចូលរួមប្រឡង ត្រូវ យកចិត្តទុកដាក់ខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ព្រះអង្គដើម្បី ដណ្តើមយកចំណាក់ថ្នាក់ និងទទួលបានជ័យលីភី ព្រមទាំងបានពង្រឹងផ្នែកធម៌វិន័យរបស់ ព្រះពុទ្ធសាសនា យើងឲ្យបានកាន់តែរីកចំរើនឡើង ។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តប៉ៃលិន បានអោយដឹងថាការប្រឡងវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក នេះ គឺធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងការសិក្សានិងស្វែងរកមន្រ្តីសង្ឃមានសមត្ថភាព សំរាប់កសាងអភិវឌ្ឍន៍និងអប់រំ ខាងផ្នែកវិស័យសាសនាអោយមានការរីកចំរើន ជាបន្តបន្ទាប់នាពេលថ្ងៃអនាគត់ ជាពិសេសពង្រឹងគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ក្នុងការលើកទឹកចិត្តឲ្យយល់ពីតម្លៃការសិក្សា ពង្រឹងការបដិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត សំរាប់អោយប្រជាពលរដ្ឋគោរពស្រលាញ់ ជារៀងរហូត។
បើតាមការបញ្ជាក់ពីព្រះគ្រូរតនៈមុនី អ៊ា សុផន ព្រះមេគណ ខេត្តប៉ៃលិន បានមានសង្ឃដីការលើកឡើងថា៖ សម័យប្រឡងយកវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯកឆ្នាំ២០២២-២០២៣ សំរាប់ខេត្តប៉ៃលិន មានបេក្ខសមណសិស្សសរុប ១១៧អង្គនាក់ មាន ០៦បន្ទប់ មាន ៣កំរិត ថ្នាក់ ឯក ចំនួន ២៦អង្គ នាក់ ថ្នាក់ ទោ ចំនួន ៣៣អង្គ នាក់ និង ថ្នាក់ ត្រី ចំនួន ៥៨អង្គ នាក់ និងនៅក្នុងការប្រលងមានចំនួន ៤វិញ្ញាសារ រួមមាន៖ វិញ្ញាសារប្រជុំកងធម៌ វិញ្ញាសារពុទ្ធប្បវត្ថិ វិញ្ញាសារព្រះវិន័យ វិញ្ញាសារសាសនសុភាសិត៕