(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ នេះ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងថា ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាគ្រោះធម្មជាតិមួយចំនួន និងស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្ត គឺ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់បិទផ្សាយ។ គ.ជ.ប ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ គឺ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ (App) NEC KH។
បើតាមលោក ហ៊ីង ធីឫទ្ធិ កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ នឹងត្រូវធ្វើនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយនេះត្រូវធ្វើព្រមគ្នានៅតាមឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ លោក ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះមានស្រីចំនួន ៥.១៦១.៩០៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៧៨៩ការិយាល័យ។ ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុប ២៧១.១៤២នាក់។
ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត លោក ហ៊ីង ធីឫទ្ធិ បានបន្តថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់បែបបទ ១២០២ ទៅក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីថ្ងៃបិទផ្សាយ។ ចំពោះយន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ថ្នាក់គឺ៖ ទី១. ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថា្នក់ដំបូង ដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្តឹងតវ៉ា និងប្តឹងជំទាស់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដោះស្រាយក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។ ទី២. ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្ដឹងតវ៉ា អ្នកប្ដឹងជំទាស់ ឬអ្នកត្រូវគេប្ដឹងជំទាស់ ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលទម្រង់ ១២០៣ ពីក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្ដឹងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។ ទី៣. ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប មានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានទម្រង់ ១២០៣ របស់ គ.ជ.ប។
ជាមួយគ្នានោះ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់៕