(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រភេទម៉ូតូធំៗគ្មានពន្ធ គឺជាមុខសញ្ញា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្ដោតលើការចុះបង្ក្រាប និងគ្រប់គ្រងពេលនាំចូល។ការមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គុណ ញឹម រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្តម គុណ ញឹម ក៍បានបញ្ជាក់ថា «ម៉ូតូគ្មានពន្ធ ជាពិសេសគឺប្រភេទម៉ូតូធំៗ ក៏ជាមុខសញ្ញា ដែលយើងត្រូវផ្ដោតការយកចិត្តទុកដាក់បង្ក្រាប និងគ្រប់គ្រង នៅពេលនាំចូល។ បើយោងតាមលទ្ធផល នៃការបង្ក្រាបនេះ យើងបានស្វែងរកមូលហេតុ ឬចំណុចចន្លោះខ្វះខាត ហេតុអីបានជាមានម៉ូតូប្រភេទធំៗ ហើយគ្មានពន្ធ វាចូលមកបាន»។ ឯកឧត្តម គុណ ញឹម បានលើកឡើងថា នៅតាមព្រំដែន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងថាការរត់ពន្ធម៉ូតូ ក៏មានជាហូរហែ ហើយការរត់ពន្ធម៉ូតូ តាមច្រករបៀងនោះ គឺជាបញ្ហាស្មុគស្មាញ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លំបាកទប់ស្កាត់ឲ្យបាន១០០ភាគរយ។ ជាមួយគ្នានេះ ឯកឧត្តម គុណ ញឹម បានឲ្យដឹងផងដែរថា ក្នុងមួយៗខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទប់ស្កាត់បានច្រើន ប៉ុន្តែទន្ទឹមនោះ ក៏មានរបូតមកដែល ដោយវាមិនអស់នោះទេ។ ទន្ទឹមនោះ គយក៏បានរឹតបន្តឹង ក្នុងការត្រួតពិនិត្យ ការនាំចូលម៉ូតូ ពីប្រទេសឆ្ងាយៗ ដូចជា៖ មកពីអឺរ៉ុប, ជប៉ុន, កូរ៉េ ដែលផ្ទុកក្នុងកុងតឺន័រ។ ឯកឧត្តម គុណ ញឹម បានគូសបញ្ជាក់ថា ការនាំចូលម៉ូតូ ដែលផ្ទុកក្នុងទូកុងតឺន័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យចោះៗមានន័យថា ១០តូកុងតឺន័រ អាចចុចឲ្យត្រួតពិនិត្យ៥ទូ ឬ៦ទូ ដោយធ្វើការត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យចំនួនម៉ូតូអត់ពន្ធគេចវេះពន្ធ ចូលមកក្នុងប្រទេស។
ឯកឧត្តម គុណ ញឹម បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បើកផ្លូវឲ្យម្ចាស់ម៉ូតូធំគ្មានពន្ធ ចូលមកបង់ពន្ធផងដែរ ដោយមានការពិន័យ ប៉ុន្ដែវាធូរជាងការពិន័យ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបបាន។ ឯកឧត្តម គុណ ញឹម ក៏បានឲ្យដឹងផងដែរថា ជាគោលការណ៍ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អត់មានយុទ្ធនាការអនុគ្រោះពន្ធលើម៉ូតូ គ្មានពន្ធមានស្រាប់ក្នុងប្រទេសនេះទេ។
សូមរំលឹកថា កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយបានរកឃើញ ម៉ូតូធំទំនើបៗ សរុបចំនួន១៥០គ្រឿងគ្មានពន្ធ។ ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នា ដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះ ត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕