(ភ្នំពេញ)៖យោងតាមរយៈសារសំឡេង ដែលបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការជំរុញឱ្យជនវ័យចំណាស់ និងអ្នកមានជំងឺប្រចាំកាយទៅចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ងាយប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទពពួកអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ដែលមានការចម្លងលឿនជាងជំងឺអូមីក្រុងបំប្លែងខ្លួនកាលពីឆ្នាំ២០២២ទៅទៀត។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) បានអំពាវនាវឱ្យពលរដ្ឋដែលមានជំងឺប្រចាំកាយ និងវ័យចំណាស់រួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់សទល់នឹងជំងឺអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ដែលមានការចម្លងលឿន។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ទោះបីជាមានការចម្លងលឿនតែរហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងឱ្យប្រាកដថា ការចម្លងរបស់មេរោគនេះមានសភាពធ្ងន់ធ្ងរឬស្រាលនោះទេ។ ប៉ុន្តែអ្វីដែលដឹងច្បាស់នោះអ្នកជំងឺដែលបានឆ្លងមិនបណ្តាលឱ្យស្លាប់លឿននោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានបន្តទៀតថា «ការចាក់វ៉ាក់សាំងកូវីដ១៩បានត្រឹមត្រូវ និងគ្រប់ដូសនឹងជួយការពារសរីរាង្គបុគ្គលម្នាក់ៗការចម្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីៗពីជំងឺធ្ងន់ធ្ងរទៅជាស្រាលមិនចូលសម្រាកពេទ្យ និងចៀសផុតពីជំងឺស្លាប់បានច្រើនផងដែរ»។
ជាមួយគ្នានេះដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំប្រជាពលរដ្ឋកុំមានការរើសអើងចំពោះវ៉ាក់សាំងកូវីដ១៩ព្រោះថា ការចាក់វ៉ាក់សាំងកូវីដចម្រុះគ្នានឹងជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយបានខ្ពស់ជាងការចាក់វ៉ាក់សាំងតែមួយមុខ។ ព្រោះថា វ៉ាក់សាំងដែលកម្ពុជាចាក់ជូនប្រជាពលរដ្ឋ គឺមានការទទួលស្គាល់ និងស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោកដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងជំងឺកូវីដ១៩ពិសេសពពួកមេរោគបំប្លែងខ្លួនថ្មីៗ។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺកូវីដ១៩ ពពួកអូមីក្រុងបំប្លែងខ្លួនថ្មីXBB.1.5នេះ មានរោគសញ្ញាដូចជាជំងឺគ្រុនផ្តាសាយធំដូចជាឈឺខ្លួនប្រាណ ហៀសំបោរ ក្អកកណ្តាស់ឈឺសាច់ដុំតឹងច្រមុះរមាស់រាងកាយនិងមានរោគសញ្ញាផ្សេងៗទៀត ដែលខុសពីមេរោគឌែលតា និងអាហ្វា ដែលមានរោគសញ្ញាបាត់បង់ក្លិននិងមិនដឹងរសជាតិផងដែរ៕