(វ៉ាសូវី)៖យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣នេះថា ប្រទេសប៉ូឡូញ បានសម្រេចចិត្តនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ខ្លារខិនឡេអូផាត (Leopard) ទៅឱ្យអ៊ុយក្រែន ក្រោមក្របខណ្ឌនៃក្រុមចម្រុះអន្តរជាតិមួយ ខណៈទីក្រុងវ៉ាសូវី កំពុងព្យាយាមដើរតួនាទីជាអ្នកនាំមុខគេក្នុងការសម្រេចឱ្យបាននូវការមូលមតិជាឯកច្ឆន្ទ នៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច លើការបញ្ជូន អាវុធធុនធ្ងន់ដល់ទីក្រុងកៀវ។
ថ្លែងនាឱកាសបំពេញដំណើរទស្សនកិច្ចនៅឯទីក្រុងល្វីវ (Lviv) ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បានបញ្ជាក់ថាអង្គភាពរថក្រោះ Leopard នឹងត្រូវប្រគល់ជូន ក្រោមក្របខណ្ឌនៃក្រុមចម្រុះអន្តរជាតិមួយដែលប្រសិនជាត្រូវបានបង្កើតឡើង។ លោកបន្តថាលោកផ្ទាល់ក៏មានការរំពឹងដែរថា រថក្រោះប៉ូឡូញ និងរថក្រោះនៃបណ្ដាប្រទេសដទៃទៀតនឹងទៅដល់អ៊ុយក្រែនឆាប់ៗនេះ។លោក ឌូដា មិនបានឱ្យដឹងថាតើរថក្រោះខ្លារខិនឡេអូផាត២ (Leopard 2) ចំនួនប៉ុន្មានគ្រឿងដែលស្ថិតនៅក្នុងផែនការបញ្ជូនឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែ ជាធម្មតា អង្គភាពរថក្រោះមួយមានរថក្រោះប្រហែល ១៤គ្រឿង។
ទីក្រុងកៀវ បានស្នើសុំម្ដងហើយម្ដងទៀត ឱ្យបណ្ដាប្រទេសលោកខាងលិច បញ្ជូនអាវុធធុនធ្ងន់ មកឱ្យទាហានរបស់ខ្លួន ដូចជារថក្រោះប្រយុទ្ធខ្លារខិនឡេអូផាត២ (Leopard 2) ផលិតដោយអាល្លឺម៉ង់ ដែលនឹងក្លាយជានិមិត្តរូបមួយដ៏សំខាន់នៃការប្ដេជ្ញាចិត្តគាំទ្រពិតប្រាកដរបស់លោកខាងលិចចំពោះអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយថាប៉ូឡូញ មិនមានបំណងបញ្ជូនរថក្រោះ Leopard ឱ្យអ៊ុយក្រែន ដោយមិនមាន ការបង្កើតក្រុមចម្រុះមួយនោះទេ ខណៈការបញ្ជូនរថក្រោះប្រភេទនេះក៏ទាមទារឱ្យមានការយល់ព្រមពីរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានអះអាងថាទីក្រុងបែរឡាំងនៅតែបន្តធ្វើការសម្របសម្រួលក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ជាមួយសម្ព័ន្ធមិត្ត។
ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់បាននិយាយថាក្នុងពេលបច្ចុប្បន្ន ទីក្រុងបែរឡាំងមិនមានគម្រោងបញ្ជូនរថក្រោះ Leopard ឱ្យទីក្រុងកៀវនោះទេ ហើយដែលការស្ទាក់ស្ទើរនេះដោយសារតែបារម្ភខ្លាចសង្រ្គាមសព្វថ្ងៃរាលដាលកាន់តែធំ៕