(បរទេស)៖នៅថ្ងៃពុធទី១១ខែមករានេះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) បានប្តេជ្ញាថា នឹងជំរុញការគាំទ្រ របស់ពួកគេសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ហើយបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសម្ព័ន្ធមិត្តដឹកនាំ ដោយសហរដ្ឋអាមេរិកមួយនេះ។
ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយជាមួយមន្ត្រីកំពូលរបស់ EU ថា “យើងត្រូវតែបន្តពង្រីកភាពជាដៃគូរវាងណាតូ និង EU ហើយយើងត្រូវតែពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន”។
ប្រទេសនៅក្នុងអង្គការណាតូ និង EU បានបញ្ជូនសព្វាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារទៅឲ្យទីក្រុងកៀវ ដើម្បីជួយវាយតបតកងកម្លាំងទីក្រុងមូស្គូ។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងបានប្រកាសថា ឥឡូវនេះពួកគេក៏នឹងផ្គត់ផ្គង់ដល់ អ៊ុយក្រែននូវរថពាសដែកប្រយុទ្ធផងដែរ ប៉ុន្តែទីក្រុងកៀវ បានអង្វរសុំឲ្យបញ្ជូនរថក្រោះធុនធ្ងន់ទំនើបៗថែមទៀត។
លោក Stoltenberg បន្តថា អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ នឹងជួបប្រជុំនៅសប្តាហ៍ក្រោយ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដើម្បីពិភាក្សាឲ្យច្បាស់អំពីប្រភេទអាវុធដែលត្រូវការ ហើយតើសម្ព័ន្ធមិត្តនេះ អាចផ្តល់អាវុធទាំងនោះដោយរបៀបណា។
ស្របពេលជាមួយគ្នានោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា “ខ្ញុំគិតថា អ៊ុយក្រែនគួរតែទទួលបានឧបករណ៍យោធាចាំបាច់ទាំងអស់តាមដែលពួកគេត្រូវការ ដូច្នេះ ពួកគេអាចដោះស្រាយបានដើម្បីការពារមាតុភូមិ”៕