(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកព្រឹកថ្ងៃទី១២ ខែមករា នេះថា «ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ។ នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។
សម្តេចតេជោ បានបញ្ជាក់ថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានទុកពេលមួយខែ ឱ្យលោក គង់ គាំ ប្រគល់ដីនេះមកក្រសួងការបរទេសវិញ។ បន្ថែមពីលើនេះ ក្រសួងការបរទេស ក៏បានប្តឹងតុលាការទាមទារយកដីនោះមកវិញផងដែរ។
ដីដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយលោក គង់ គាំ បន្លំធ្វើបណ្ណកម្មសិទ្ធិគ្រប់គ្រងនេះ ស្ថិតនៅតាមវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕