ខេត្តប៉ៃលិន៖ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃ ពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥នាក់(ស្រី ១៩នាក់) នៅសាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ។
លោកជំ ទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សួរសុខទុក្ខដល់ ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និង ពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។
វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង ៤:៥៥ នាទីរសៀល ក្រោមអធិបតិភាព ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានមានប្រសាសន៍សម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ ឯកឧត្តម នាយកសាខា បានមានមតិផ្តាំផ្ញើដល់ ក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គមដើម្បីខ្លាយខ្លួនជាយុវជនគំរូ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនគម្បីនានាដែលសង្គមស្ពប់ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស។ ក្នុងឱកាសនេះ ឯកឧត្តម បានប្រគល់ វិញ្ញាបនបត្របញ្ចាក់ការសិក្សា ជូនក្មួយៗយុវជន ចំនួន ២៥ នាក់។ កម្មវិធីនេះបញ្ចប់ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យតាមការរំពឹងទុក៕