ការស្រាវជ្រាវថ្មីបានព្រមានថា មូស ដែលចម្លងជំងឺគ្រុនឈាមនិងមេរោគផ្សេងទៀត បានវិវត្តភាពធន់នឹងថ្នាំសម្លាប់មូសនៅក្នុងផ្នែកខ្លះនៃអាស៊ីហើយវិធីថ្មីក្នុងការគ្រប់គ្រងពួកវាគឺត្រូវការចាំបាច់ជាខ្លាំង។
អាជ្ញាធរសុខាភិបាលជាទូទៅបាញ់ថ្នាំមូសនៅតំបន់ដែលមានមេរោគចម្លងដោយមូស ហើយការធន់ខ្លាំងនេះបានក្លាយជាកង្វល់ជាយូរមកហើយ ប៉ុន្តែទំហំនៃបញ្ហាមិនត្រូវបានគេយល់ច្បាស់នោះទេ។
អ្នកវិទ្យាសាស្ត្រជប៉ុនលោក ស៊ីនជី កាសៃ (Shinji Kasai) និងក្រុមរបស់លោកបានពិនិត្យសត្វមូសមកពីប្រទេសជាច្រើននៅអាស៊ី ក៏ដូចជាប្រទេសហ្គាណានៅអាហ្វ្រិក ហើយបានរកឃើញថាការបំប្លែងជាបន្តបន្ទាប់បានធ្វើឱ្យមូសធន់នឹងសារធាតុគីមីដែលមានមូលដ្ឋានលើសារធាតុ Pyrethroid ដូចជាថ្នាំមូស Permethrin ជាដើម។
លោកកាសៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “នៅក្នុងប្រទេសកម្ពុជា ជាង ៩០ ភាគរយនៃមូស Aedes Aegypti (មូសខ្លា) មានការរួមបញ្ចូលគ្នានៃការបំប្លែងជាច្រើនដែលធ្វើឱ្យមូសមានកម្រិតភាពធន់ខ្ពស់”។
លោកបានរកឃើញថា មូសខ្លះមានភាពធន់ ១.០០០ ដងបើប្រៀបធៀបទៅនឹងភាពធន់ ១០០ ដងដែលបានរកឃើញពីមុន។នោះមានន័យថា កម្រិតថ្នាំមូស ដែលជាធម្មតាសម្លាប់មូសស្ទើរតែ ១០០ ភាគរយនៅក្នុងគំរូមួយ អាចសម្លាប់មូសបានតែប្រហែល ៧ ភាគរយប៉ុណ្ណោះ។
សូម្បីថ្នាំមូស ដែលខ្លាំងជាងមុន ១០ ដង សម្លាប់មូស ដែលធន់ខ្លាំងបានតែ ៣០ ភាគរយប៉ុណ្ណោះ។
លោកកាសៃ ប្រធាននាយកដ្ឋានបាណកសាស្ដ្រវេជ្ជសាស្ត្រនៃវិទ្យាស្ថានជាតិជំងឺឆ្លងរបស់ជប៉ុនបាននិយាយថា “កម្រិតភាពធន់ដែលយើងបានរកឃើញនៅក្នុងសត្វមូសនៅក្នុងប្រទេសកម្ពុជានិងវៀតណាមគឺខុសគ្នាទាំងស្រុង”។
យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺគ្រុនឈាមអាចបង្កគ្រុនឈាមនិងឆ្លងដល់មនុស្សប្រមាណពី ១០០ ទៅ ៤០០ លាននាក់ក្នុងមួយឆ្នាំ ទោះបីជាជាង ៨០ ភាគរយនៃករណីឆ្លងមានលក្ខណៈស្រាល ឬមិនមានរោគសញ្ញាក៏ដោយ។
វ៉ាក់សាំងការពារជំងឺគ្រុនឈាមជាច្រើនត្រូវបានបង្កើតឡើង ហើយអ្នកស្រាវជ្រាវក៏បានប្រើបាក់តេរីដែលសម្លាប់សត្វមូសដើម្បីកម្ចាត់មេរោគផងដែរ។
ប៉ុន្តែជម្រើសទាំងពីរមិនទាន់ជិតឈានដល់ការកម្ចាត់ជំងឺគ្រុនឈាមបានទាំងស្រុងទេ ហើយមូសខ្លាផ្ទុកនូវជំងឺផ្សេងទៀត ដូចជាជំងឺហ្ស៊ីកានិងជំងឺគ្រុនលឿង៕