រាជធានីភ្នំពេញ ៖ ភាពមន្ទិលសង្ស័យ ជុំវិញរឿងរ៉ាវក្មេងប្រុសម្នាក់ អាយុជិត១ខួប ដែលម្ចាស់ផ្ទះសំណាក់យីហោ «ស្កាយលាភ» នាំទៅកាន់សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យជួយដឹងឮ កាលពីវេលារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នោះ ដោយអះអាងប្រាប់ថា មានស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់ បានយកទៅប្លុងចោលនៅក្នុងផ្ទះសំណាក់របស់គាត់ ហើយពេលនេះ ការពិតត្រូវបានលាតត្រដាងហើយ តាមពិតក្មេងប្រុសតូចខាងលើ គឺជាចៅបង្កើតរបស់ម្ចាស់ផ្ទះសំណាក់ ។ បានន័យថា គឺជាកូនរបស់កូនប្រុសម្ចាស់ផ្ទះសំណាក់រូបនោះ ជាមួយនិងស្ត្រីម្នាក់ ដែលបានស្រលាញ់គ្នា លួចលាក់៣ឆ្នាំកន្លងមកហើយ ប៉ុន្តែដោយសារតែបុរសនោះ អត់ទទួលខុសត្រូវ ហើយស្ត្រីរូបនោះគ្មានលទ្ធភាពចិញ្ចឹមកូនបាន ទើបសម្រេចចិត្តយកកូនទៅទុកឲ្យប្ដីជាអ្នកចិញ្ចឹម តែប៉ុណ្ណោះ ។
ក្រោយពីទទួលបានដំណឹងថា ខ្លួនជាអ្នកយកកូនទៅប្លុងចោល នៅក្នុងផ្ទះសំណាក់បែបនេះ បានធ្វើឲ្យស្ត្រីម្នាក់ ដែលត្រូវជាម្ដាយក្មេងប្រុសខាងលើ មិនអាចទ្រាំនៅសំងំស្ងៀមបានតទៅទៀត នាងក៏បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដើម្បីប្រាប់ការពិត ជូនដល់អាជ្ញាធរបានដឹង និងស្រាយចម្ងល់មហាជន ។
សព្វថ្ងៃស្ត្រីរូបនោះ ស្នាក់នៅក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយនាងពុំបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់នាងឡើយ នាងបានសុំលាក់បាំងឈ្មោះយ៉ាងដាច់ខាត ។ នៅចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅទី៣ នាងបាននិយាយថា ក្មេងប្រុសខាងលើមានអាយុ៩ខែ គឺកូនប្រុសបង្កើតរបស់នាង ជាមួយបុរសម្នាក់ឈ្មោះ ឡា ទីឡេង ដែលត្រូវជាកូនប្រុសរបស់ម្ចាស់ផ្ទះសំណាក់ «ស្កាយលាភ» នោះតែម្ដង ។
នារីរូបនោះ បានរៀបរាប់បន្តទៀតថា រូបនាង និងបុរសឈ្មោះ ឡា ទីឡេង បានរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធលួចលាក់ ដោយពុំបានរៀបការរយៈពេល៣ឆ្នាំមកហើយ និងមានកូន២នាក់ គឺក្មេងប្រុសអាយុ៩ខែនោះ ជាកូនទី១ ចំណែកកូនទី២ កំពុងមានក្នុងផ្ទៃពោះបាន៧ខែហើយតាមការពិនិត្យអេកូ គឺជាកូនស្រីថែមទៀតផង ប៉ុន្តែនៅចុងក្រោយនេះ ស្នេហាបានប្រេះឆា រស់នៅមិនចុះសម្រុងគ្នាសោះ និងរហូតឈានដល់ការបែកបាក់គ្នា ។
ស្ត្រីខាងលើបានបញ្ជាក់បន្ថែមទៀតថា ប្ដីអត់ខាន់ស្លារបស់នាងម្នាក់នោះ ពុំមែននៅកម្លោះ ឬពោះម៉ាយនោះទេ តាមពិតគាត់មានប្រពន្ធ និងកូនរួចទៅហើយ តែមកស្រលាញ់ យកនាងធ្វើជាប្រពន្ធចុង ។ មិនតែប៉ុណ្ណោះ ពេលនៅជាមួយគ្នាប្ដីរូបនោះ គឺទាមទារចង់តែឲ្យនាងបង្កើតកូនឲ្យ ពេលដឹងថា នាងមានផ្ទៃពោះ គឺឲ្យនាងទុក មិនឲ្យយកចេញទេ ប៉ុន្តែពុំដែលទទួលខុសត្រូវអ្វីទាំងអស់ ។ ដោយសារតែបែបនេះ ទើបនៅវេលាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នាងបានសម្រេចចិត្ត យកកូនប្រុសរូបនេះ ទៅប្រគល់ឲ្យប្ដី ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ពុំមែនយកទៅប្លុងចោលនោះឡើយ ។
ក្នុងពេលនោះ នាងក៏បានសំណូមពរទៅកាន់អាជ្ញាធរសង្កាត់ចោមចៅទី៣ ឲ្យជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យប្ដីរបស់នាងចិញ្ចឹមកូនឲ្យបានល្អ ជាពិសេស មិនត្រូវបិទសិទ្ធិនាង មិនឲ្យជួបកូនឡើយ ។ ប្ដីត្រូវតែអនុញ្ញាតិឲ្យនាងបានជួបលេងកូនជាមួយកូន ឬនៅពេលកូនធំដឹងក្តី ចង់ទៅលេងនាងជាម្តាយបានផង ។
ដោយឡែក អាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏បានទទួលយកសំណើររបស់ស្ត្រីខាងលើនោះហើយ និងឆ្លើយតបថា អាជ្ញាធរនឹងអញ្ជើញភាគីទាំង២ ទៅដោះស្រាយនៅពេលក្រោយ ។
គួររម្លឹកឡើងវិញថា «នាងប្រាប់ម្ចាស់ផ្ទះសំណាក់ថា «កូនខ្ញុំដេកលក់ហើយ ខ្ញុំទៅក្រៅមួយភ្លែត» បាត់រហូតមិនឃើញមកវិញ» ៕