នាយករដ្ឋមន្ត្រីវៀតណាមលោក ផាំ មិញ ជិញ បានបញ្ជាអោយបង្កើនការត្រួតពិនិត្យសុខភាពនៅតាមព្រំដែនក្រោយវៀតណាមបានរកឃើញអូមីក្រុងបំប្លែងខ្លួនដែលឆ្លងខ្លាំងជាងវីរុសមុនៗនិងថែមទាំងអាចគេចពីវ៉ាក់សាំងថែមទៀត។
ក្នុងឯកសារមួយចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកជិញបាននិយាយថា កូរ៉ូណាបំប្លែងខ្លួនផ្លាស់ប្តូរប្រែរូបជាប្រចាំ រួមមានកូនអូមីក្រុងមួយឈ្មោះថាXBBដែលចម្លងខ្លាំងជាងមុននិងថែមទាំងពូកែគេចចេញពីប្រព័ន្ធស៊ាំនៃរាងកាយបានគ្រាន់បើជាងអូមីក្រុងដើមផង។
ជនជាតិចិនដែលធ្វើការរកស៊ីនៅវៀតណាម កំពុងបង្ហាញឯកសារដើម្បីចាកចេញទៅចិននៅច្រកព្រំដែនភាគខាងជើងកាលពីថ្ងៃ៨មករា២០២៣។វៀតណាមក៏ប្រុងប្រយ័ត្ននៅពេលចិនបើកព្រំដែនឡើងវិញក្រោយការរឹតបន្តឹងអស់បីឆ្នាំ
វីរុសបំប្លែងខ្លួន XBBត្រូវបានរកឃើញនៅទីក្រុងហូជីមិញ និងនៅក្នុងខេត្តតៃនិញភាគខាងត្បូង នាំអោយពួកអ្នកជំនាញការសុខភាពព្រមានថាវាអាចនាំអោយផ្ទុះកូវីដ១៩ជាថ្មីនៅពេលខាងមុខ។
លោកជិញបាននិយាយថា បងប្អូនជីដូនមួយរបស់វាគឺXBB.1.5បាននិងកំពុងបង្កការផ្ទុះជំងឺកូវីដ១៩នៅក្នុងប្រទេសជាច្រើន។លោកបានបន្តថា នៅពេលកំលាំងថ្នាំវ៉ាក់សាំងកាន់តែចុះខ្សោយ ករណីឆ្លងនឹងស្ទុះឡើងវិញអាចនៅនិទាឃរដូវក្រោយការឈប់សម្រាកចូលឆ្នាំថ្មី ចំពេលប្រទេសជាច្រើនបន្ធូរបន្ថយវិធានការបង្ការកូវីដ១៩។
ក្រៅពីបង្កើនការត្រួតពិនិត្យតាមព្រំដែន លោកជិញក៏អំពាវនាវអោយបង្កើតការត្រួតពិនិត្យតាមដាននៅក្នុងសហគមន៍និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តដើម្បីរកអោយឃើញវីរុសបំប្លែងខ្លួនថ្មីអោយបានទាន់ពេល។ការចាក់វ៉ាក់សាំងក៏ត្រូវជំរុញដើម្បីធានាថា មនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយនិងអ្នកមិនទាន់មានភាពស៊ាំនឹងកូវីដ ត្រូវតែចាក់វ៉ាក់សាំងការពារ។ក្មេងអាយុប្រាំទៅ១២ឆ្នាំក៏គួរបន្តចាក់វ៉ាក់សាំងអោយផងដែរ។
វីរុសXBBត្រូវបានរកឃើញដំបូងកាលពីខែសីហាឆ្នាំ២០២២ តែនៅបួនខែមកនេះវាបានបង្ហាញខ្លួននៅជាង៧០ប្រទេសនិងដែនដី។អង្គការសុខភាពពិភពលោក(WHO)បាននិយាយថា វីរុសអូមីក្រុង XBBព្រមទាំងបងប្អូនជិតដិតរបស់វា XBB.1.5កំពុងទទួលខុសត្រូវការឆ្លង៤៤ភាគរយនៅអាម៉េរិក និងក៏បង្កការឆ្លងរាលដាលនៅតំបន់អាស៊ីខ្លះ រួមមានឥណ្ឌានិងសិង្ហបុរីកាលពីខែតុលា។វីរុសបំប្លែងខ្លួនទាំងពីរនេះ កំពុងវិវត្តខ្លួនសន្សឹមៗទៅវាវីរុសចម្លងគ្របដណ្តប់ឈានមុខគេនៅពេលអនាគត។
ចូលឆ្នាំចិនវៀតណាមដែលនឹងចូលមកដល់នៅប៉ុន្មានសប្តាហ៍ទៀត ជាការឈប់សម្រាកជួបជុំគ្រួសារនិងការធ្វើដំណើរធំបំផុតប្រចាំឆ្នាំនៅវៀតណាមនិងចិន ដោយប្រជាជនវិលទៅកាន់ផ្ទះ ភូមិស្រុកនិងក្រុងកំណើតដើម្បីជួបជុំគ្រួសារឬក៏ធ្វើដំណើរកម្សាន្តជាក្រុម។
តំណាង WHOនៅវៀតណាមបានចេញការព្រមានអំពីការឆ្លងកូវីដ១៩ ដោយថាអូមីក្រុងថ្មី XBBងាយឆ្លងដោយបង្កហានិភ័យខ្ពស់ក្នុងអំឡុងពេលឈប់សម្រាកឆ្នាំថ្មីនេះ។ក្រោយវីរុសថ្មីនេះត្រូវបានរកឃើញនៅក្រុងហូជីមិញនិងខេត្តតៃនិញ តំណាងWHOលោកស្រីអង់ហ្គេឡា ប្រាត( Angela Pratt)បានព្រមានអំពីកំណើននៃការឆ្លងជំងឺនេះក្នុងអំឡុងពេលចូឆ្នាំថ្មីចាប់ពីថ្ងៃ២០ដល់២៦មករា។
លោកស្រីបាននិយាយថា ការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីនេះ បង្ហាញថា ជំងឺឆ្លងកូវីដ១៩នៅមិនទាន់ចប់ទេ៕