ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃទី០៦ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ មិត្តភាពវ័យចាស់ ពានរង្វាន់៧មករា ខួបទី៤៤ នៅពហុកីឡដ្ឋានខេត្ត បន្ទាប់ពីធ្វើការប្រកួតរយៈពេលពេញមួយថ្ងៃមកនោះ។
លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបានជម្រាបជូនថា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧ មករា ខួបទី៤៤ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា និងផ្ដល់ឱកាសឲ្យមនុស្សចាស់ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព និងសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក៏បានបើកការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់នេះឡើង។
លោកឲ្យដឹងថា ក្រុមកីឡាដែលបានដាក់ពាក្យសុំចូលរួមប្រកួតមានចំនួន០៤ក្រុមស្មើនឹង១២៦នាក់ក្នុងនោះមានក្លិបពោធិ៍សាត់ស៊ីតធី, ក្លិបយុវជនស្រលាញ់សន្តិភាព, ក្លិបដាលីងយូណៃធីត និងក្លិបតាម្រុំ អែហ្វស៊ី ។ ឆ្លងតាមការប្រកួតយ៉ាងសកម្មនិងស្វិតស្វាញនៅលើទីលានរយៈពេលមួយថ្ងៃ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយចិត្តនិងទេពកោសល្យរបស់ខ្លួនក្នុងការប្រកួតប្រជែង ប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា ដោយមានការយោគយល់អធ្យាស្រ័យគ្នា ជាគំរូមួយដ៏ល្អសម្រាប់យុវជនយើងក្រោយៗទៀត ។
ចំពោះលទ្ធផលផ្លូវការ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាករមកពីក្លិបពោធិ៍សាត់ស៊ីតធី, ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមកីឡាករមកពីក្លិបតាម្រុំ អែហ្វស៊ី, ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមកីឡាករមកពីក្លិបស្រលាញ់សន្តិភាព និងចំណាត់ថ្នាក់លេខ៤បានទៅលើក្រុមកីឡាករមកពីក្លិបដាលីងយូណៃធីត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំឲ្យមានការប្រកួតក្រុមកីឡាវ័យចាស់នេះឡើង ក្នុងន័យបានជួបជុំគ្នារំលឹកនូវអនុស្សាវរីយ៍ ជាចំណងសាមគ្គីភាព មិត្តភាព សុខភាព និងបានបញ្ចេញនូវទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួតយ៉ាងសប្បាយរីករាយនេះ។
លទ្ធផលបច្ចេកទេសដែលក្រុមកីឡាទាំងអស់សម្រេចបាន ក៏ដោយសារមានការគាំទ្រនិងលើកទឹកចិត្តពីសប្បុរសជន និងទស្សនិកជនដែលចូលចិត្តវិស័យកីឡាផងដែរ ព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមអភិបាលខេត្ត សូមឲ្យមន្ទីរអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់នេះឲ្យមានជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា។
ក្នុងឱកាសនោះក៏មានផ្ដល់ថវិកាដល់ក្រុមកីឡាករដែលទទួលបានចំណាត់ថ្នាក់តាមលេខរៀងទាំង០៤ក្រុម ព្រមទាំងបានឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យ ក្រុមយុវជនចំនួន០៤ក្រុម និងកម្លាំងសមត្ថកិច្ចផងដែរ ៕