ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូស្ថានទូតថៃ ដែលដឹកនាំដោយ ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ (កម្ពុជា+ថៃ) ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ចំពោះស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ «ប្រទេសយើងទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២» ។
ជាការឆ្លើយតប ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សន្យាថា៖ នឹងខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំង២ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ៕