ប៉ៃលិន៖ រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារទាំងបួន នៃអនុគណកម្មសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ និងគណៈអភិបាលខេត្តប៉ៃលិន ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពនានាផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានអនុគ ណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ខេត្តប៉ៃលិន បានធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយកអាយុជីវិតធ្វើជាដើមទុនក្នុងការបញ្ចប់សង្គ្រាមប្រយុទ្ធបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរ តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយបានប្រែក្លាយខេត្តមួយនេះ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ច និងគោលដៅ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា៖ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលកំពុងសាងសង់នេះ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ក៍បានមានប្រសាសន៍សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារត្រូវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ដើម្បីសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិននេះ ទទួលបានជោគជ័យទៅតាមផែនការគ្រោងទុក ។
សូមបញ្ជាក់ថា៖ បើតាមសេចក្តីសម្រេចលេខ ០៤ស.ស.រ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានតែងតាំងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ជាប្រធាន មានអនុប្រធាន ០៧រូប និងសមាជិក ២៦រូប បានឃើញសេចក្តីសម្រេចលេខ ០៤ស.ស.រ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានតែងតាំងឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន មានអនុប្រធាន ០៩រូប និងសមាជិក ៣៦រូប បានឃើញសេចក្តីសម្រេចលេខ ០៤ស.ស.រ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានតែងតាំងឧត្តមសេនីយ៍ឯក ជា វណ្ណា ទីប្រឹក្សាសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ ជាប្រធាន មានអនុប្រធាន ០៦រូប និងសមាជិក ១២រូប បានឃើញសេចក្តីសម្រេចលេខ ០៤ស.ស.រ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានតែងតាំងឧត្តមសេនីយ៍ទោ រ៉ូ ពិសិដ្ឋ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ជាប្រធាន មានអនុប្រធាន ០៤រូប និងសមាជិក ១៨រូប ៕