ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានទៅបូមទឹកដាក់ស្រែនៅចំណុចទួលត្រពាំងចក តាមបណ្ដោយផ្លូវទៅភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ស្រាប់តែប្រទះឃើញស.ព បុរសម្នាក់ និងម៉ូតូ ព្រមទាំងមួកការពារ និងកាបូបលុយនៅក្នុងទឹកប្រឡាយ រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចុះពិនិត្យ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្នុងទឹកប្រឡាយ ជាប់ផ្លូវកៅស៊ូ ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ខែមករាឆ្នាំ២០២៣ នេះថា បន្ទាប់ពីទទួលព័ត៌ មានពីអាជ្ញាធរមូលដ្ឋាននេះភ្លាម កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងការិ យាល័យបច្ចេកទេសវិទ្យាសាស្ត្រ, កម្លាំងនគរបាលចរាចរណ៍, កម្លាំងអធិការក្រុង និងគ្រូវពេទ្យផ្នែកកោលស្យវិច័យចុះដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យស.ពជនរងគ្រោះ និង បន្តសាកសួររកសាច់ញាតិស.ព ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពខាងលើបានបន្តថា ជនរងគ្រោះ ឈ្មោះ ហ៊ាន សាវ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ តាមការពិនិត្យលើដងខ្លួនស.ព ផ្នែកក្បាល (មានស្នាមបែកលើភ្នែកខាងឆ្វេង និងបាក់ក) ផ្នែក និងអវយវៈដងខ្លួន (ពុំមានស្នាមអ្វីគួរឱ្យសង្ស័យនោះទេ) ។ តាមការពិនិត្យកន្លែងកើតហេតុ ជាទីតាំងផ្លូវមានសភាពកោង និងទួលខ្ពស់ និងមានប្រឡាយទឹកអមសងខាងផងដែរ។
តាមប្រភពបញ្ជាក់ទៀតថា តាមការស្ដាប់បំភ្លឺរបស់សាក្សីឈ្មោះ ចាន់សុធា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ គាត់បានទៅបូមទឹកដាក់ស្រែនៅចំណុចទួលត្រពាំងចក តាមបណ្ដោយផ្លូវទៅភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីដាក់ម៉ាស៊ីនបូមទឹកចូលស្រែរួច គាត់បានដើរមកនិយាយលេងជាមួយឈ្មោះ ជៀប រឿន ភេទប្រុស អាយុ៥៨ឆ្នាំ ។ ចំណែកឈ្មោះ ជា ព្រឹម ភេទប្រុស កំពុងតែដកដើមឈូកនៅម្ខាងប្រឡាយទឹកក្នុងស្រែ ដោយគាត់ឈរនៅម្ខាងលើចិញ្ចើមផ្លូវកៅស៊ូ មួយសន្ទុះ គាត់ក៏ឃើញមួកសុវត្តិភាពអណ្ដែតក្នុងទឹក ភ្លាមនោះគាត់ក៏ចុះទៅស្រង់មួកយកមក ស្រាប់តែឃើញមានសក់ក្បាលមនុស្សអណ្ដែតក្នុងទឹកទៀត គាត់ក៏បានព្យាយាមមើលទៅ ទើបដឹងថាមានមនុស្សស្លា.ប់ក្នុងទឹក ហើយក៏រាយការទៅលោកមេភូមិតែម្តង។
បើតាមការស្ដាប់បំភ្លឺរបស់ឈ្មោះ ហ៊ាន សាវឿយ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣៩នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បងប្រុសរបស់គាត់បានធ្វើដំណើរចេញពីផ្ទះនៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដើម្បីចូលរួមក្នុងពីធីមង្គលការរបស់មិត្តភក្តិ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ដោយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-8230 ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកក៏មិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញដែរ ចំណែកទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ទើបពួកគាត់បានបង្ហោះសារផ្សព្វផ្សាយស្វែងរកជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក ។ លុះវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣ គាត់បានទទួលដំណឹងតាមទូរស័ព្ទពីសមត្ថកិច្ចថា ប្រទះឃើញស.ពរបស់បងប្រុសគាត់នៅក្នុងទឹកប្រឡាយ ត្រង់ចំណុចកន្លែងកើតហេតុខាងលើ លុះពេលគាត់មកដល់ពិនិត្យជាក់ស្តែង ទើបដឹងថា ស.ពនោះពិតជាបងប្រុសបង្កើតរបស់គាត់ប្រាកដមែន។
ផ្អែកតាមការស្ដាប់បំភ្លឺសាក្សីនៅកន្លែងកើតហេតុ និងស្ដាប់បំភ្លឺរបស់ប្អូនបង្កើតជនរងគ្រោះ, តាមការពិនិត្យពិភាគទៅលើសាកស.ព, ពិនិត្យវិភាគជុំវិញកន្លែងកើតហេតុ, ម៉ូតូនិងមួកការពាររបស់ស.ព ស្ថិតក្នុងទឹកប្រឡាយនៅទាំងអស់ សូម្បីតែលុយក៏នៅដែរ។
តាមការសន្និដ្ឋានបានឱ្យដឹងថា ករណីខាងលើគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លា.ប់ ដែលបង្កឡើងដោយខ្លួនឯង។ បច្ចុប្បន្ន សាកស.ព ត្រូវកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕