ថ្ងៃទី០៥ ខែមករា ឆ្នា២០២៣ នៅមន្ទីរអភិឌ្ឍន៍ជនបទខេត្តប៉ៃលិន បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ស្ថិតក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការចូលរួមពីសំណាក់លោក-លោកស្រី ប្រធាន-អនុមន្ទីរជុំវិញខេត្ត និងក្រុមការងារបច្ចេកទេសខេត្តជាច្រើនរូបទៀត។
លោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ បានកំណត់អាទិភាពអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា និងជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តយុទ្ឋសាស្រ្ត ចតុកោណដំណាក់កាលទី៤ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជនបទ និងសំណង់អនាម័យជនបទ ។ លោកបានមានប្រសាសន៍បន្តថា៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីណែនាំអនុវត្តន៍កម្មវិធីទឹកស្អាតនិងអនាម័យជនបទទាំងអស់ ធ្វើជាមធ្យោបាយក្នុងការអនុវត្តផ្ដល់ទឹកស្អាតនិងបង្គន់អនាម័យជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងចូលរួមសម្រេចគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការការពារសុវត្ថិភាព និងសុខមាលភាពប្រជាពលរដ្ឋជៀសវាងការកើតជំងឺផ្សេងៗ និងសុខភាពសាធារណៈ ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្តបានមានប្រសាសន៍សំណូមពរដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសខេត្តវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបំផុសបំផុលការយល់ដឹងអំពីទឹកស្អាតនិងអនាម័យជនបទ ជាពិសេសនៅតាមតំបន់ទីជនបទដាច់ស្រយ៉ាល ហើយមួយវិញទៀតត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានបង្កន់អនាម័យ មានទឹកស្អាតប្រើប្រាស់ទៅតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាព និងអនាម័យជនបទរបស់ប្រជាពលរដ្ឋកម្ពុជា។
បើតាមរបាយការណ៍លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា៖ ការផ្គត់ផ្គង់ទឹកមានការកែលម្អទទួលបានលទ្ធផលនៅឆ្នាំ២០២២ ចំនួន៧១,៧% និងការប្រើប្រាស់បង្គន់អនាម័យទទួលបានលទ្ធផលនៅឆ្នាំ២០២២ ចំនួន៨២%៕