រសៀលថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីគណៈប្រតិភូក្រសួងបរិស្ថាន នាយករងរដ្ឋបាលខេត្ត រដ្ឋបាល ក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន។
បន្ទាប់ពីលោក សាក់ សាវរឹទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត បានថ្លែងរបាយការណ៍សង្ខេបរបស់មន្ទីរប្រចាំឆ្នាំ២០២២រួចមកលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ហើយសកម្មភាពការងារ និងសមិទ្ធផលចម្បងៗបានឆ្លុះបញ្ចាំងអោយឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់មន្ទីរ ក្នុងការអនុវត្តការស្នូលរបស់ខ្លួនក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។លោកអភិបាលរងខេត្តបានបន្តថា នាពេលថ្មីនេះ មន្ទីរបានវាយតម្លៃ និងជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថាន ដែលបានប្រតិបត្តិល្អ មេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ហើយទទួលបានជាប់លំដាប់ថ្នាក់លេខ៣ ទូទាំង២៥រាជធានីខេត្ត ពីក្រសួងបរិស្ថាន និងបានជម្រុញក្នុងការប្រឡងប្រណាំង ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើអោយសង្កាត់ប៉ៃលិនទទួលបានប័ណ្ណជ័យលាភីពីក្រសួងបរិស្ថាន។លោក ងួន លីណា អភិបាលរងខេត្ត បានមានប្រសាសន៍ គាំទ្រចំពោះការលើកឡើងនូវទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ ដើម្បីធ្វើអោយប្រសើរឡើងទាំងបរិមាណ និងគុណភាពការងារ ដែលបានដាក់ចេញ ហើយរដ្ឋបាលខេត្តនឹងបន្តកិច្ច សហការ ផ្តល់ការគាំទ្រ ដើម្បីធានាការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរ បរិស្ថានខេត្តអោយបានរលូន និងទទួលបានប្រសិទ្ធភាព ប្រសិទ្ធផល ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការចំនួន៣ ចំណុច សំរាប់អោយមន្ទីរបរិស្ថាននិង អាជ្ញាធរក្រុង-ស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្ត៖ ទី១ បន្តថែរក្សា ទប់ស្កាត់ ការពារនូវធនធានព្រៃឈើ ដែលរស់នៅ កុំអោយដួលរលំដែលនាំអោយបាត់បង់។ ទី២ បន្តការទប់ស្កាត់ការដឹកជញ្ជួនអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតនៅក្នុងខេត្ត។ ទី៣ ត្រួតពិនិត្យតាមដាន តាមសិប្បកម្មកែឆ្នៃឈើ ដែលខុសច្បាប់។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះការងារអនុវត្តកន្លងទៅ និងជំរុញដល់ថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរបរិស្ថានខេត្ត មន្ត្រី ឧទ្យាននុរក្ស បន្តកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យមាននិរន្តភាពបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ។ ហើយនៅក្នុងឆ្នាំបន្ទាប់ សូមមន្ទីរបរិស្ថានខេត្ត ត្រូវបន្តខិតខំបន្ថែមទៀតទៅលើការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន(ការគ្រប់គ្រងសំណល់រឹង-រាវ សំរាម ការបំពុលខ្យល់)នៅតាមសៃឡូដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ៕