រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់បានជិះម៉ូតូកង់បី១គ្រឿងដែលបុរសជាឪពុកគឺជាអ្នកបើកបរ ខណៈនោះនាងបានឈោងដៃយកទឹកដោះគោមកផឹក ស្រាប់តែធ្លាក់ពីលើម៉ូតូកង់បី ស្របពេលនោះមានរថយន្តបែនយីឌុបដឹកដីមកដល់កិ.ន បណ្តាលឱ្យបែ.កក្បាលស្លា.ប់នៅនឹងកន្លែងភ្លាមៗតែម្ដង ។ ពេលនោះបុរសជាឪពុកខាងលើបានយំសោកបោកខ្លួន ព្រោះតែអាណិតនិងសោកស្ដាយកូនស្រី ចំណែកស្ត្រីជាប្រពន្ធក៏បានស្រែកទ្រហ៊ោយំឱបស.ពកូនស្រីគួរឲ្យសង្វេគបំផុត។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ កែងនឹងផ្លូវ២១៧ ត្រង់ចំណុចរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសជាឪពុកបាននិយាយថា កូនស្រីដែលបាត់បង់ជីវិតខាងលើឈ្មោះ សែម លក្ខណា អាយុ២ឆ្នាំ មានទីលំនៅជិតភ្នំជីសូរ ស្រុកបាទី ខេត្តតាកែវ ។ កន្លងមក ពេលចេញរត់ម៉ូតូកង់បី គាត់តែងតែនាំកូនស្រីទៅជាមួយ ព្រោះអីអត់មានអ្នកមើលថែ ដោយសារតែគាត់ជាអ្នករត់កង់បី ចំណែកប្រពន្ធធ្វើការរោងចក្រ ហើយនៅផ្ទះមានកូន២នាក់ទៀតដែរ ប៉ុន្តែពួកគេក៏នៅតូចៗនៅឡើយដែរ។
បុរសជាឪពុកបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែកនៅមុនពេលកើតហេតុ គាត់បានបើកកង់បីដឹកម៉ូយចេញពីម្តុំសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ ហើយខណ:ពេលដឹកម៉ូយទៅដល់គោលដៅ ម៉ូយចុះពីលើកង់៣អស់ហើយ គាត់ក៏ដឹកកូនស្រីបន្តដំណើរក្នុងបំណងត្រឡប់ទៅផ្ទះនៅឯខេត្តតាកែវវិញ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ កូនស្រីរបស់គាត់បានឱនរើសយកដបទឹកដោះគោដែលជ្រុះនៅក្នុងកង់បីនោះ បណ្តាលឲ្យធ្លាក់ទៅលើថ្នល់ ។ ស្របពេលនោះមានរថយន្តបែនយីឌុបដឹកដី១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-2074 បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាទៅដល់កិ.ន បណ្តាលឲ្យបែ.កក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ក្រោយពេលកើតហេតុ រថយន្តបានឈប់ស្ងៀម បន្ទាប់មកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកកម្លាំងនគរបាលប៉ុស្តិ៍រលួសបានសហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕