ប៉ៃលិន៖ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។
បន្ទាប់ពីលោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល រួចមក ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid-១៩ ក្នុងឆ្នាំសិក្សាកន្លងមក ហើយថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ន វិស័យអប់រំនៅខេត្តប៉ៃលិន កំពុងដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានបញ្ញាញាណឈ្លាសវៃ បានលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សាមានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០២ សាលា និងអនុវិទ្យាល័យចំនួន ៧សាលា មានសិស្សសរុប ៥៣១០នាក់ ស្រីចំនួន ២៨៣៩នាក់ បឋមសិក្សាចំនួន ៤៨សាលា មានសិស្សសរុបចំនួន ១០៤១៥នាក់ ស្រីចំនួន ៥៦៦៨នាក់ មត្តេយ្យសិក្សាចំនួន ២៤សាលា មានសិស្សសរុបចំនួន ១១៨៣នាក់ ស្រីចំនួន ៦០០នាក់ និងមត្តេយ្យសហគមន៍មានចំនួន ១១កន្លែង មានសិស្សសរុបចំនួន ២៦៦នាក់ ស្រី ចំនួន ១៣៩នាក់៕