ប៉ៃលិន៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិឡាក់ហុកពី, ភូមិបឹងអូរជាង, ភូមិកំពង់ចម្លងក្រោម សរុបចំនួន ៨៩០គ្រួសារ ដែលជាតំបន់ភូមិសាស្រ្តទើបផ្ទេរការគ្រប់គ្រងពីខេត្តបាត់ដំបង មកស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិនវិញ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅថ្ងៃនេះ ដើម្បីចង់ដឹងពីសួរសុខទុក្ខ និងចូលរួមចំណែកដោះស្រាយ នូវការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ី ឈាន និងថ្នាក់ដឹកនាំខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ មកឧបត្ថម្ភដល់បងប្អូន ដែលរស់នៅក្នុងភូមិសាស្ត្រ ទើបផ្ទេរការគ្រប់គ្រងពីខេត្តបាត់ដំបង មកស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិននាពេលថ្មីៗនេះ ហើយបើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ប្រកបដោយការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏សែនលំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យកបានជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមការចាក់វ៉ាក់សាំងស្រោចបង្កើតភាពស៊ាំ និងបើកប្រទេសឱ្យដំណើរការឡើងវិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះអាកាសធាតុត្រជាក់ ដែលងាយបង្កឲ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបាបឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទាំង ៨៩០គ្រួសារ មកពី ៣ភូមិ គឺភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស, ទឹកសុទ្ធ០១កេស ,ប្រហុក,ខោអាវ និង ថវិកាមួយចំនួន ផងដែរ ៕